សេអ៊ូល ៖ ប្រធានសេវាសន្តិសុខ ប្រធានាធិបតីកូរ៉េខាងត្បូង មិនបានអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេត ចូលឆែកឆេរលំនៅដ្ឋាន ប្រធានាធិបតី នៅកណ្តាលទីក្រុងសេអ៊ូល សម្រាប់ការអនុវត្តដីកាចាប់ខ្លួន ប្រធានាធិបតីលោក Yoon Suk-yeol ដែលចេញដោយតុលាការក្រុងសេអ៊ូលនោះទេ ។
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងមួយក្រុម ជាមួយអង្គភាពស៊ើបអង្កេតប្រឆាំង អំពើពុករលួយនៅថ្ងៃសុក្រនេះ បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតី បន្ទាប់ពីបរាជ័យក្នុងការចាប់ខ្លួន ប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol ។
នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើប អង្កេតកូរ៉េខាងត្បូង បានព្យាយាមអនុវត្តដីកា ដើម្បីឃុំខ្លួនប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោក ប៉ុន្តែនៅតែមិនអាចចូលទៅ ក្នុងលំនៅដ្ឋានរបស់លោក ក្នុងការប្រឈមមុខ នឹងសេវាសន្តិសុខប្រធានាធិបតី។
ក្រុមស៊ើបអង្កេតរួមគ្នា ជាមួយការិយាល័យស៊ើបអង្កេត អំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ បានមកដល់គេហដ្ឋានរបស់លោក Yoon នៅព្រឹកព្រលឹម ដើម្បីអនុវត្តដីកានេះ។
ដីកាឃុំខ្លួន ដែលមានសុពលភាព រហូតដល់ថ្ងៃច័ន្ទត្រូវបានចេញបន្ទាប់ពីលោក Yoon មិនអើពើនឹងការ កោះហៅចំនួនបី ពីក្រុមអ្នកស៊ើបអង្កេតលើការចោទ ប្រកាន់ពីបទបះបោរជុំវិញការប្រកាស ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ ដែលនាំទៅដល់ការអនុម័ត សំណើចោទប្រកាន់លោក Yoon នៅថ្ងៃទី១៤ ខែធ្នូ។
ក្រុមការពាររបស់លោក Yoon បានអះអាងថា ដីកានេះ គឺខុសច្បាប់ ដោយអះអាងថា ការិយាល័យស៊ើបអង្កេត មិនត្រូវបានអនុញ្ញាតឱ្យស៊ើបអង្កេតការបះបោរនោះទេ។
ក្រុមមេធាវីការពារក្តីបាននិយាយនៅក្នុងសារ មួយផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃសុក្រនេះថា “វិធានការផ្លូវច្បាប់នឹងត្រូវបានចាត់វិធានការ ទាក់ទងនឹងកាលៈទេសៈខុសច្បាប់នៃដំណើរការ ប្រតិបត្តិនៃដីកាខុសច្បាប់”៕