សេអ៊ូល៖ ការិយាល័យស៊ើបអង្កេត អំពើពុករលួយ របស់ប្រទេសកូរ៉េខាងត្បូង សម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានឲ្យដឹងថា ការប្រតិបត្តិដីកាចាប់ខ្លួនប្រឆាំង នឹងប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol គឺមិនអាចទៅរួចនោះទេ ដោយសារតែសេវាសន្តិសុខ ប្រធានាធិបតីបដិសេធ មិនសហការ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ដោយពិចារណា លើកាលៈទេសៈបច្ចុប្បន្ន CIO កំពុងអំពាវនាវឱ្យប្រធានស្តីទីលោក Choi Sang-mok បញ្ជាឱ្យសេវាសន្តិសុខ ប្រធានាធិបតី សហការអនុវត្តដីកាចាប់ខ្លួន។
នៅថ្ងៃនេះដែរ ប្រធានសេវាសន្តិសុខ ប្រធានាធិបតីកូរ៉េខាងត្បូង មិនបានអនុញ្ញាត ឱ្យក្រុមអ្នកស៊ើបអង្កេត ចូលឆែកឆេរលំនៅដ្ឋាន ប្រធានាធិបតី នៅកណ្តាលទីក្រុងសេអ៊ូល សម្រាប់ការអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk-yeol ដែលចេញដោយតុលាការ ក្រុងសេអ៊ូលនោះទេ។
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងមួយក្រុម ជាមួយអង្គភាពស៊ើបអង្កេតប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រនេះ បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតី បន្ទាប់ពីបរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol។
នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានព្យាយាមអនុវត្តដីកា ដើម្បីឃុំខ្លួនប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ប៉ុន្តែនៅតែមិនអាចចូលទៅក្នុងលំនៅដ្ឋានរបស់លោក ក្នុងការប្រឈមមុខនឹងសេវាសន្តិសុខប្រធានាធិបតី។
ក្រុមស៊ើបអង្កេតរួមគ្នាជាមួយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់បានមកដល់គេហដ្ឋានរបស់លោក Yoon នៅព្រឹកព្រលឹម ដើម្បីអនុវត្តដីកានេះ។
ដីកាឃុំខ្លួន ដែលមានសុពលភាព រហូតដល់ថ្ងៃច័ន្ទ ត្រូវបានចេញបន្ទាប់ពីលោក Yoon មិនអើពើនឹងការកោះហៅចំនួនបី ពីក្រុមអ្នកស៊ើបអង្កេតលើការចោទ ប្រកាន់ពីបទបះបោរជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី០៣ ខែធ្នូ ដែលនាំទៅដល់ការអនុម័តសំណើចោទ ប្រកាន់លោក Yoon នៅថ្ងៃទី១៤ ខែធ្នូ។
ក្រុមការពាររបស់លោក Yoon បានអះអាងថា ដីកានេះ គឺខុសច្បាប់ ដោយអះអាងថា ការិយាល័យស៊ើបអង្កេត មិនត្រូវបានអនុញ្ញាត ឱ្យស៊ើបអង្កេតការបះបោរនោះទេ។
ក្រុមមេធាវីការពារក្តីបាននិយាយ នៅក្នុងសារមួយផ្ញើ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃសុក្រនេះថា “វិធានការផ្លូវច្បាប់ នឹងត្រូវបានចាត់វិធានការ ទាក់ទងនឹងកាលៈទេសៈ ខុសច្បាប់ នៃដំណើរការប្រតិបត្តិ នៃដីកាខុសច្បាប់”៕
ប្រែសម្រួល ឈូក បូរ៉ា