ព័ត៌មានអន្តរជាតិ

ក្រុមអ្នកគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol អំពាវនាវឱ្យលោក Trump ជួយលោក Yoon

បរទេស៖ ក្រុមបាតុករស្តាំនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូងប្រើពាក្យស្លោកដូចគ្នានឹងអ្នកគាំទ្រ លោក Trump ហើយជឿថា អនាគតមេដឹកនាំអាមេរិករូបនេះ អាចមានឥទ្ធិពលលើប្រធានាធិបតី Yoon ដើម្បីគេចចេញពីវិបត្តិ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol កំពុងប្រើពាក្យស្លោក Stop the Steal ដែលមានប្រជាប្រិយភាពដោយអ្នកគាំទ្រលោក Donald Trump បន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០។

ពួកគេបានប្រមូលផ្តុំគ្នានៅមុខវិមានប្រធានាធិបតីកូរ៉េខាងត្បូងក្នុងសង្កាត់ Yongsan កាលពីថ្ងៃទី៣ ខែមករា ដោយគ្រវីបដាដែលមានពាក្យស្លោកជាភាសាអង់គ្លេស និងទង់ជាតិអាមេរិក។ ស្លាកសញ្ញា #StopTheSteal និងការក្លែងបន្លំការបោះឆ្នោតក៏បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកូរ៉េ ។

ដូចអ្នកបោះឆ្នោតអាមេរិកដែលជឿថា មានគម្រោងលួចយកជ័យជម្នះរបស់លោក Trump ដែរ អ្នកស្មោះត្រង់របស់ប្រធានាធិបតី Yoon ជឿថា គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាកូរ៉េខាងត្បូងកំពុងរំលោភអំណាចដើម្បីទម្លាក់លោក។ ពួកគេក៏សង្ឃឹមផងដែរថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកនឹងចូលកាន់តំណែង និងជួយលោក Yoon នៅពេលដែលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

Ahn Young-mi ក្នុងវ័យ៦០ឆ្នាំ ដោយគ្រវីទង់ជាតិអាមេរិក និងកូរ៉េខាងត្បូង នៅជាប់របងសន្តិសុខប៉ូលីស នៅមុខវិមានប្រធានាធិបតី បាននិយាយថា “សហរដ្ឋអាមេរិក ឬលោក Trump នឹងធ្វើអន្តរាគមន៍ និងជួយសង្គ្រោះលោក Yoon Suk-yeol” ។

នៅលើឆាកបណ្តោះអាសន្នក្បែរនោះ ក្រុមអ្នកលើកទឹកចិត្តបានជំរុញឱ្យហ្វូងមនុស្សចូលរួមច្រៀងបទ “Long Live Trump” ដែលជាពាក្យស្លោកដ៏ពេញនិយមមួយដែលត្រូវបានប្រើប្រាស់ក្នុងចំណោមពួកស្តាំនិយមកូរ៉េខាងត្បូង ដើម្បីសរសើរប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលពួកគេជឿថាមានសុច្ឆន្ទៈចំពោះលោក Yoon ៕

ប្រែសម្រួលៈ ណៃ តុលា

To Top