ព័ត៌មានអន្តរជាតិ

លោក បៃដិន រារាំងការទិញ យកក្រុមហ៊ុនដែកថែប អាមេរិក ដោយក្រុមហ៊ុន Nippon Steel

kyodo

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកបានសម្រេចចិត្តរារាំងការ ទិញយកក្រុមហ៊ុន US Steel Corp ដែលមានតម្លៃ ១៤,១ពាន់លានដុល្លារ ដោយក្រុមហ៊ុន Nippon Steel Corp. ដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ ដែលជាវិធានការដែលនឹងបង្ខំ ឱ្យក្រុមហ៊ុនជប៉ុនមួយនេះ ផ្លាស់ប្តូរយុទ្ធសាស្ត្រសកលរបស់ខ្លួន។

ក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន US Steel បានថ្កោលទោសភ្លាមៗ ចំពោះការសម្រេចចិត្តរបស់លោក បៃដិន ហើយបានចង្អុលបង្ហាញអំពីការតតាំងផ្លូវច្បាប់ ដ៏មានសក្តានុពលប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ដោយសារការលុបចោលគម្រោងទិញ យកអន្តរជាតិនឹងប៉ះពាល់ដល់ការរៀបចំឡើងវិញ នៃឧស្សាហកម្មដែកសកល។

ក្រុមហ៊ុន Nippon Steel Corp. គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងការរារាំងការទិញ យកក្រុមហ៊ុន United States Steel Corp ដែលមានតម្លៃ ១៤,១ពាន់លានដុល្លារ របស់ខ្លួន នេះបើយោងតាមប្រភព ជិតស្និទ្ធនឹងបញ្ហានេះ។

លោក បៃដិន កាលពីថ្ងៃសុក្របានឲ្យដឹងថា កិច្ចព្រមព្រៀងនេះបានបង្កហានិភ័យដល់សន្តិសុខជាតិ ខណៈពេលដែលជំរុញឱ្យក្រុមហ៊ុនផលិតដែកជប៉ុន និងសហរដ្ឋអាមេរិក “បោះបង់ចោលផែនការរបស់ពួកគេទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលត្រូវបានគាំទ្រដោយម្ចាស់ភាគហ៊ុនរបស់ US Steel ហើយមេអ្នកដឹកនាំរបស់សហជីព United Steelworkers ដ៏មានឥទ្ធិពលបានជំទាស់យ៉ាងខ្លាំង ចំពោះការទិញយកនេះ។

ក្រុមហ៊ុន Nippon Steel ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេទី៤ របស់ពិភពលោក និងក្រុមហ៊ុន US Steel ភ្លាមៗបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយថា ការត្រួតពិនិត្យរបស់អាជ្ញាធរសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងរបស់ពួកគេគឺ “រៀបចំដើម្បីជំរុញរបៀបវារៈនយោបាយរបស់ប្រធានាធិបតី លោក បៃសិន” ហើយថាពួកគេនឹង “ចាត់វិធានការសមស្របទាំងអស់ ដើម្បីការពារសិទ្ធិ​ស្រប​ច្បាប់​របស់ពួកគេ”។

ការរារាំងរបស់លោក បៃដិន គឺជាលើកទីមួយហើយដែលប្រធានាធិបតីអាមេរិក បានហាមឃាត់ការរួមបញ្ចូលគ្នា និងកិច្ចព្រមព្រៀងទិញយក ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក បៃដិន ដែលចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា និងប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ទាំងពីរនាក់បានជំទាស់ជាសាធារណៈនូវកិច្ចព្រមព្រៀងនេះ ដែលត្រូវបានប្រកាសដំបូងក្នុងឆ្នាំ២០២៣ ហើយបានក្លាយជាអ្នកនយោបាយយ៉ាងខ្លាំងនៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកខែវិច្ឆិកា។

ក្រុមហ៊ុនទាំងពីរត្រូវបានគេរំពឹងថា នឹងអះអាងនៅក្នុងតុលាការថាលោក បៃដិន មិនបានបង្ហាញភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញថា ការទិញយកនេះបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយថាការសម្រេចចិត្តរបស់លោករំលោភលើដំណើរការត្រឹមត្រូវក្រោមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងច្បាប់គ្រប់គ្រងគណៈកម្មាធិការវិនិយោគបរទេសនៅក្នុង  សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top