ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nippon Steel នឹងប្តឹងរដ្ឋាភិបាលអាមេរិក ជុំវិញការសម្រេចចិត្តរារាំង ការទិញយកក្រុមហ៊ុន SU Steel

kyodo

តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងការរារាំងការទិញយកក្រុមហ៊ុន United States Steel Corp ដែលមានតម្លៃ ១៤,១ពាន់លានដុល្លាររបស់ខ្លួន នេះបើយោង តាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ។

លោក បៃដិន កាលពីថ្ងៃសុក្របានឲ្យដឹងថា កិច្ចព្រមព្រៀងនេះបានបង្កហានិភ័យដល់សន្តិសុខជាតិ ខណៈពេលដែលជំរុញឱ្យក្រុមហ៊ុនផលិតដែកជប៉ុន និងសហរដ្ឋអាមេរិក “បោះបង់ចោលផែនការរបស់ពួកគេទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលត្រូវបានគាំទ្រដោយម្ចាស់ភាគហ៊ុនរបស់ US Steel ហើយមេអ្នកដឹកនាំរបស់សហជីព United Steelworkers ដ៏មានឥទ្ធិពលបានជំទាស់យ៉ាងខ្លាំង ចំពោះការទិញយកនេះ។

ក្រុមហ៊ុន Nippon Steel ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេទី៤ របស់ពិភពលោក និងក្រុមហ៊ុន US Steel ភ្លាមៗបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយថា ការត្រួតពិនិត្យរបស់អាជ្ញាធរសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងរបស់ពួកគេគឺ “រៀបចំដើម្បីជំរុញរបៀបវារៈនយោបាយរបស់ប្រធានាធិបតី លោក បៃសិន” ហើយថាពួកគេនឹង “ចាត់វិធានការសមស្របទាំងអស់ ដើម្បីការពារសិទ្ធិ​ស្រប​ច្បាប់​របស់ពួកគេ”។

ការរារាំងរបស់លោក បៃដិន គឺជាលើកទីមួយហើយដែលប្រធានាធិបតីអាមេរិក បានហាមឃាត់ការរួមបញ្ចូលគ្នា និងកិច្ចព្រមព្រៀងទិញយក ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក បៃដិន ដែលចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា និងប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ទាំងពីរនាក់បានជំទាស់ជាសាធារណៈនូវកិច្ចព្រមព្រៀងនេះ ដែលត្រូវបានប្រកាសដំបូងក្នុងឆ្នាំ២០២៣ ហើយបានក្លាយជាអ្នកនយោបាយយ៉ាងខ្លាំងនៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកខែវិច្ឆិកា។

ក្រុមហ៊ុនទាំងពីរត្រូវបានគេរំពឹងថា នឹងអះអាងនៅក្នុងតុលាការថា លោក បៃដិន មិនបានបង្ហាញភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញថា ការទិញយកនេះបង្កការ គំរាមកំហែងដល់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ហើយថាការសម្រេចចិត្ត របស់លោករំលោភលើដំណើរការត្រឹមត្រូវ ក្រោមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងច្បាប់គ្រប់គ្រងគណៈកម្មាធិការ វិនិយោគបរទេសនៅក្នុង  សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top