វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ចង់ឃើញអ្នកនយោបាយ និងសាធារណជនទូទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវ “ផ្លូវឆ្ពោះទៅមុខប្រកបដោយស្ថិរភាព” សម្រាប់ប្រទេស ដែលនៅតែស្ថិតក្នុងភាព វឹកវរផ្នែកនយោបាយមួយនេះ។
លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់ការទំនាក់ទំនង ជាយុទ្ធសាស្ត្របានឲ្យដឹងថា “យើងមើលទៅរដ្ឋាភិបាលកូរ៉េខាងត្បូង សភាជាតិ ហើយជាការពិតណាស់ ប្រជាជនកូរ៉េ ធ្វើការរួមគ្នាឆ្ពោះទៅរកផ្លូវ ដែលមានស្ថិរភាពទៅមុខ” ។
ការកត់សម្គាល់របស់លោក Kirby បានកើតឡើងនៅពេលដែលអាជ្ញាធរតុលាការនៅក្នុងប្រទេសកូរ៉េខាងត្បូង បានផ្អាកការអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk-yeol ដែលជាប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់របស់ប្រទេសនេះ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាអស់ជាច្រើនម៉ោងនៅឯគេហដ្ឋានរបស់លោក Yoon ក្នុងអំឡុងពេលដែលមេដឹកនាំ ដែលត្រូវបានចោទប្រកាន់បានប្រឆាំងនឹងការប៉ុនប៉ងរបស់អ្នកស៊ើបអង្កេត ប្រឆាំងអំពើពុករលួយរបស់ប្រទេសក្នុងការចាប់ឃុំខ្លួនរូបលោក។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយរបស់កូរ៉េខាងត្បូង សម្រាប់មន្ត្រីជាន់ខ្ពស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាត្រូវបានវិនិច្ឆ័យថា វាស្ទើរតែមិនអាចទៅរួចទេ ក្នុងការអនុវត្តដីកាចាប់ខ្លួន ដោយសារតែការប្រឈមមុខគ្នា ដែលកំពុងបន្ត” ។
លោក Kirby បានលើកឡើង និងសម្តែងការកោតសរសើររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការសន្យា ដែលធ្វើឡើងដោយប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok ដើម្បីផ្តោតលើ “ការរក្សាស្ថិរភាពជាតិ” ៕
ប្រែសម្រួល ឈូក បូរ៉ា