ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជា​ឲ្យ​ជម្លៀស​ជន​ស៊ីវិល ​នៅ​តំបន់ហ្គាហ្សា​បន្ថែម​ទៀត ខណៈ​វិបត្តិ​មនុស្សធម៌ ​កាន់​តែ​អាក្រក់

Xinhua

យូអិន៖ ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អ៊ីស្រាអែលបានបញ្ជាឱ្យផ្លាស់ប្តូរទីតាំងបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង ដែលត្រូវបានឡោមព័ទ្ធដោយសារតែការវាយប្រហារ ដែលជិតមកដល់ក្នុងការសងសឹក ចំពោះការបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា សេចក្តីណែនាំចុងក្រោយគឺសម្រាប់ជនស៊ីវិលនៅក្នុងតំបន់ Al-Bureij នៃខេត្ត Deir al Balah ដើម្បីផ្លាស់ទីទៅភាគខាងលិច។

ប្រភពពី OCHA បានឲ្យដឹងថា បទបញ្ជាជម្លៀសថ្មីបំផុតបានកើតឡើងនៅពេលដែលអាជ្ញាធរអ៊ីស្រាអែល បានបន្តបដិសេធការប៉ុនប៉ងរបស់អង្គការសហប្រជាជាតិក្នុងការសម្របសម្រួលចលនាប្រកបដោយសុវត្ថិភាពនៃបុគ្គលិកមនុស្សធម៌។

ការិយាល័យបានឲ្យដឹងថា ” ការប៉ុនប៉ងសម្របសម្រួលចំនួន ៦ ក្នុងចំណោម ១០ ត្រូវបានច្រានចោលទាំងស្រុង ក្នុងចំណោមបួន ដែលនៅសេសសល់ មានតែពីរ ប៉ុណ្ណោះដែលបន្តដំណើរទៅមុខ ខណៈពេលដែលពីរផ្សេងទៀតបានជួបប្រទះឧបសគ្គយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមការប៉ុនប៉ង ដែលត្រូវបានច្រានចោលនៅថ្ងៃនេះ គឺជាផែនការរបស់យើងក្នុងការផ្តល់ការផ្គត់ផ្គង់ទៅកាន់តំបន់ ដែលឡោមព័ទ្ធនៃតំបន់ហ្គាហ្សាភាគខាងជើង”។

មនុស្សភាគច្រើននៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានផ្លាស់ទីលំនៅជាច្រើនដងរួចមកហើយ ជារឿយៗត្រូវបង្ខំចិត្តភៀសខ្លួន ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ដោយស្ទើរតែគ្មានរបស់របររបស់ពួកគេជាបលតាមខ្លួននោះទេ ចូលទៅក្នុងតំបន់គ្មានសុវត្ថិភាព ដែលខ្វះមូលដ្ឋាន សម្រាប់ការរស់រានមានជីវិតរបស់មនុស្សគ្រប់គ្នា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top