សេអ៊ូល៖ ការិយាល័យស៊ើបអង្កេត អំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានអំពាវនាវឱ្យប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ ជួយសម្រួលដល់ការអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk-yeol ដែលរងការចោទប្រកាន់។
អង្គភាពស៊ើបអង្កេតប្រឆាំងអំពើពុករលួយបានស្នើឱ្យលោក Choi Sang-mok ប្រើប្រាស់អំណាចបញ្ជា និងត្រួតពិនិត្យរបស់លោកក្នុងសមត្ថភាពជាប្រធានាធិបតីស្តីទី ដោយបញ្ជាឱ្យសេវាសន្តិសុខប្រធានាធិបតី សហការជាមួយនឹងចំណាត់ការរបស់ CIO សម្រាប់ការចាប់ខ្លួនលោក Yoon ។
CIO បានធ្វើការអំពាវនាវនេះ បន្ទាប់ពីខ្លួនបានបរាជ័យក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon កាលពីម្សិលមិញនេះ ដោយថា ការអនុវត្តដីកាចាប់ខ្លួនលោក Yoon ត្រូវបានគេចាត់ទុកថាមិនអាចទៅរួចនោះទេ ដោយសារតែសេវាសន្តិសុខប្រធានាធិបតី បដិសេធមិនព្រមសហការ។
មន្ត្រីស៊ើបអង្កេត CIO បានចាកចេញពីគេហដ្ឋានប្រធានាធិបតី បន្ទាប់ពីបរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតី ដែលមានជម្លោះ ដោយកត់សម្គាល់ថា ពួកគេបានបញ្ឈប់ប្រតិបត្ដិការនៅម៉ោងប្រហែល ១ និង ៣០នាទីរសៀល ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកស៊ើបអង្កេតនៅកន្លែងកើតហេតុ។
CIO បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់លោក Yoon ដែលបដិសេធមិនអនុវត្តតាមនីតិវិធីច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចំណាត់ការរបស់ CIO សម្រាប់ការចាប់ខ្លួនលោក Yoon បានកើតឡើងបន្ទាប់ពីលោក បានបដិសេធមិនបំពេញ តាមសំណើកោះហៅចំនួនបី សម្រាប់ការសាកសួរនៅក្នុងការស៊ើបអង្កេត ដោយអង្គភាពស៊ើបអង្កេតរួមគ្នា ដែលមាន CIO ការិយាល័យស៊ើបអង្កេតជាតិ និងទីស្នាក់ការកណ្តាលស៊ើបអង្កេតរបស់ក្រសួងការពារជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា