ហ្គាហ្សា ៖ អ្នកនាំពាក្យការពារជនស៊ីវិលប៉ាឡេស្ទីន នៅទីក្រុងហ្គាហ្សាលោក Mahmoud Basal បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣៣ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លា របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាក្នុងរយៈពេលមួយយប់។
នៅតំបន់ហ្គាហ្សាភាគកណ្តាល ជនជាតិប៉ាឡេស្ទីន ៩នាក់បានស្លាប់ និង១០នាក់ទៀតរងរបួសនៅ ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្ទះមួយកន្លែងក្នុងជំរុំជនភៀសខ្លួន Maghazi ចំណែកមនុស្ស ១១នាក់បានស្លាប់ និង ២០នាក់ទៀតរងរបួស ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើផ្ទះចំនួន ២ខ្នង និងអាផាតមិនមួយកន្លែង នៅក្នុងជំរុំជនភៀសខ្លួន Nuseirat ។
លោក Basal បានលើកឡើងថា ជនជាតិប៉ាឡេស្ទីន ៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះ ៣ខ្នងនៅក្នុងទីក្រុង Deir al-Balah និង al-Zawayda នៅកណ្តាលតំបន់ហ្គាហ្សា រួមទាំងអ្នកកាសែតម្នាក់ផងដែរ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកកាសែត Omar al-Diraoui និងឪពុកម្តាយរបស់លោក ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើ al-Zawayda ដែលនាំឱ្យចំនួនអ្នកកាសែតសរុប ដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះហ្គាហ្សាមកមានចំនួន ២០២នាក់។
លោកបានបន្ដថា នៅតំបន់ហ្គាហ្សាភាគខាងត្បូង មនុស្សពីរនាក់បានស្លាប់ និងពីរនាក់ទៀតរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើការប្រមូលផ្តុំគ្នារបស់ប៉ាឡេស្ទីននៅ Khirbet al-Adas ភាគខាងជើងនៃទីក្រុងរ៉ាហ្វា៕
ប្រែសម្រួល ឈូក បូរ៉ា