ប៊ែកឡាំង ៖ កាលពីថ្ងៃសុក្រ ដោយសារតែមានបញ្ហាបច្ចេកទេស បានបង្កឱ្យមានការរំខានខ្លាំង នៅឯអាកាសយានដ្ឋានទូទាំងប្រទេសអាល្លឺម៉ង់ ។
អ្នកនាំពាក្យរបស់ប៉ូលិសសហព័ន្ធ បានប្រាប់ដល់កាសែតអាល្លឺម៉ង់ Bild ថា ប្រព័ន្ធកុំព្យូទ័ររបស់ប៉ូលិសសហព័ន្ធបានជួបប្រទះ នឹងការដាច់ភ្លើងនៅទូទាំងប្រទេស ដោយបង្ខំឱ្យមន្រ្តីធ្វើការដោយដៃ ដែលជាធម្មតាត្រូវបានដោះស្រាយ ដោយអេឡិចត្រូនិច ។
អាកាសយានដ្ឋាន Dusseldorf បានរាយការណ៍មកថា “បញ្ហាប្រព័ន្ធព័ត៌មានវិទ្យាទូទាំងប្រទេស” នៅឯប៉ូលិសសហព័ន្ធបាននាំឱ្យមានការពន្យារពេលទាំងការចូល និងចេញនៅលើការគ្រប់គ្រងព្រំដែន ។
យោងតាមកាសែត Bild បានចុះផ្សាយថា អ្នកដំណើរកំពុងជួបប្រទះការរង់ចាំរហូតដល់២ម៉ោងនៅឯអាកាសយានដ្ឋាន Dusseldorf ខណៈអ្នកដំណើរនៅអាកាសយានដ្ឋាន ប៊ែកឡាំង ក៏រំពឹងថា នឹងមានការពន្យារពេលដូចគ្នាផងដែរ ។
នៅវេលាម៉ោង១៨និង១៣នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៧និង១៣នាទីម៉ោងសកល អាកាសយានដ្ឋាន Dusseldorf ជាកន្លែងទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយបានប្រកាសថា ដំណើរការខុសប្រក្រតីរបស់ IT នៅប៉ូលិសសហព័ន្ធត្រូវបានដោះស្រាយ ដោយអនុញ្ញាតឱ្យមានការចូល និងចេញដោយមិនមានការរឹតបន្តឹងសម្រាប់ជើងហោះហើរដែលមិនមែននៅព្រំដែន Schengen ។
ការដាច់ចរន្តអគ្គីសនីនេះមានរយៈពេលប្រហែល៤ម៉ោង ត្រូវបានសន្មតថា ជាបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធព័ត៌មានរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌសហព័ន្ធ ។ អាកាសយានដ្ឋានណៅក្នុងទីក្រុងហ្ Frankfurt, Hamburg, Munich និងប៊ែកឡាំង ប្រឈមនឹងការពន្យារពេលតិចតួចប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា