ព័ត៌មានអន្តរជាតិ

ស្ត្រីវ័យចំណាស់បំផុតរបស់ពិភពលោកជនជាតិជប៉ុន Tomiko Itooka ទទួលមរណភាពក្នុងវ័យ ១១៦ឆ្នាំ

afp

តូក្យូ៖ ក្រុង Ashiya បានប្រកាសនៅថ្ងៃសៅរ៍នេះថា ស្ត្រីជនជាតិជប៉ុន ដែលមានឈ្មោះ Tomiko Itooka ដែលជាមនុស្សមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក បានទទួលមរណភាពក្នុងវ័យ ១១៦ឆ្នាំ ។

អភិបាលក្រុងភាគខាងត្បូងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកយាយ Itoka ដែលមានកូនចំនួន៤នាក់ និងចៅចំនួន៥នាក់បានទទួលមរណភាពនៅថ្ងៃទី២៩ ខែធ្នូ នៅឯផ្ទះថែទាំដែលលោកយាយរស់នៅតាំងពីឆ្នាំ២០១៩ ។

លោកយាយកើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩០៨ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុង Osaka ជិតក្រុង Ashiya  រយៈពេល៤ខែមុនពេលរថយន្ត Ford Model T ត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិក ។

លោកយាយ Itooka ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលមានវ័យចាស់ជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីការស្លាប់របស់លោកយាយ Maria Branyas Morera នៅប្រទេសអេស្ប៉ាញកាលពីខែសីហាឆ្នាំ២០២៤ នៅវ័យ ១១៧ឆ្នាំ ។

លោក Ryosuke Takashima អភិបាលក្រុង Ashiya ដែលមានវ័យ ២៧ឆ្នាំ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកយាយ Itooka បានផ្តល់ឱ្យយើងនូវភាពក្លាហាន និងក្តីសង្ឃឹមតាមរយៈជីវិតដ៏យូរអង្វែងរបស់គាត់” ។

“យើងអរគុណលោកយាយសម្រាប់រឿងនេះ” ។

លោកយាយ Itooka ជាបងប្អូនបង្កើតមួយក្នុងចំណោមបងប្អូន៣នាក់បានឆ្លងកាត់សង្គ្រាមលោកីយ៍ និងជំងឺរាតត្បាត ក៏ដូចជារបកគំហើញបច្ចេកវិទ្យា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top