ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអែល បង្កើនការវាយប្រហារ លើតំបន់ហ្គាហ្សា ចំពេលមានកិច្ចប្រឹងប្រែងជាថ្មី ដើម្បីឈានដល់បទឈប់បាញ់

ហ្គាហ្សា៖ មន្ត្រីប៉ាឡេស្ទីន និង សាក្សីនានាបានរាយការណ៍ថា យោធាអ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាសលើតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការចរចាឡើងវិញ នៅទីក្រុងដូហា ក្នុងគោលបំណងបញ្ឈប់ ជម្លោះដែលកើតឡើង ក្នុងរយៈពេល ១៥ខែកន្លងមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

ការកើនឡើងនៃការវាយប្រហារបានធ្វើឡើងបន្ទាប់ពីមានការព្រមានកាលពីថ្ងៃអាទិត្យពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz ដែលបានសច្ចាថា “នឹងធ្វើការវាយប្រហារខ្លាំងជាងមុន ដែលមិនធ្លាប់ឃើញពីមុនមកនៅតំបន់ហ្គាហ្សា” លុះត្រាតែក្រុមហាម៉ាស់ ឈប់បាញ់រ៉ុក្កែត និងដោះលែងចំណាប់ខ្មាំង។ អ្នកស្រុកបានពណ៌នាការវាយឆ្មក់នេះថា ជាការវាយឆ្មក់ខ្លាំងបំផុតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

លោក Mahmoud Basal អ្នកនាំពាក្យការពារជន ស៊ីវិលប៉ាឡេស្ទីន បានប្រាប់កាសែតស៊ីនហួថា យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីន ១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។ លោកបានរៀបរាប់លម្អិតថា មនុស្ស ៥ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយសំដៅលើផ្ទះមួយខ្នងនៅក្នុងជំរុំជនភៀសខ្លួន Nuseirat ខណៈដែលមនុស្ស ៤ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងនៅទីក្រុង Khan Yunis ខណៈមនុស្ស ៥នាក់ទៀតបានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារលើមជ្ឈមណ្ឌលប៉ូលីសហាម៉ាស់ ក្នុងនោះក៏មានការវាយប្រហារតាមអាកាសពីរផ្សេងគ្នានៅក្រុងរ៉ាហ្វា ដែលមានមនុស្សស្លាប់ ៣នាក់ទៀត។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលដឹកនាំដោយក្រុមហាម៉ាសបានរាយការណ៍ថា យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួន ៩៤ ដងក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ ដែលបណ្តាលឱ្យមនុស្ស ១៨៤ នាក់បានស្លាប់ ។ ទន្ទឹមនឹងនេះដែរ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅចំនួន ១០០ កន្លែងនៅក្នុងតំបន់ ហ្គាហ្សាកាលពីចុងសប្តាហ៍ ដោយអះអាងថា បានសម្លាប់ប្រតិបត្តិករហាម៉ាស់រាប់សិបនាក់។

កិច្ចខិតខំប្រឹងប្រែង ដើម្បីឈ្មួញកណ្តាល បទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ទទួលបានសន្ទុះក្នុង ទីក្រុងដូហា ដោយមានអ្នកសម្រុះសម្រួលពីអេហ្ស៊ីប និងកាតាដាក់សម្ពាធលើភាគីទាំងពីរ។ ប្រភពប៉ាឡេស្ទីន ដែលស្គាល់ពីការពិភាក្សានេះ បានឲ្យដឹងថា ក្រុមហាម៉ាស់បានបង្ហាញ ពីភាពបត់បែនឆ្ពោះ ទៅរកកិច្ចព្រមព្រៀង ជាដំណាក់កាល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top