ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ព្រមានក្រុមហេសបូឡា ឱ្យដកកម្លាំង ឬប្រថុយនឹងការដួលរលំនៃបទឈប់បាញ់

xinhua

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ទៅកាន់ក្រុមហេសបូឡា កាលពីថ្ងៃអាទិត្យ ដោយបញ្ជាក់ថា ប្រសិនបើក្រុមប្រដាប់អាវុធនេះ មិនដកកងកម្លាំងទាំងអស់ នៅភាគខាងជើងនៃទន្លេ Litani ទេនោះ អ៊ីស្រាអែលនឹងលុបចោលកិច្ចព្រមព្រៀងឈប់បាញ់។

លក្ខខណ្ឌនៃអាណត្តិបទឈប់បាញ់ កំណត់ឱ្យក្រុមហេសបូឡា ដកយុទ្ធជន និងសព្វាវុធរបស់ខ្លួននៅភាគខាងជើងនៃទន្លេ Litani ត្រឹមថ្ងៃទី២៦ ខែមករា។ នៅកាលបរិច្ឆេទដូចគ្នា អ៊ីស្រាអែល ត្រូវតែដកកងកម្លាំងរបស់ខ្លួនទាំងស្រុង នៅភាគខាងត្បូងនៃខ្សែបន្ទាត់ខៀវ ដែលជាព្រំដែនកំណត់ដោយអង្គការសហប្រជាជាតិ រវាងលីបង់ និងអ៊ីស្រាអែល ខណៈដែលកងទ័ពលីបង់ ត្រូវពង្រាយកម្លាំងទៅកាន់តំបន់នោះ។

ថ្លែងកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ទីបញ្ជាការភាគខាងជើងរបស់អ៊ីស្រាអែល លោក Katz បានលើកឡើងថា អ៊ីស្រាអែលនៅតែប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងនេះ ដោយលោកបានបញ្ជាក់ថា អ៊ីស្រាអែលព្យាយាមរក្សាកិច្ចព្រមព្រៀងនៅលីបង់។ ទោះជាយ៉ាងណា លោកបានអះអាងថា ក្រុមហេសបូឡា មិនទាន់បញ្ចប់ការដកកងកម្លាំងរបស់ខ្លួននោះទេ ហើយបញ្ជាក់ថា ប្រសិនបើលក្ខខណ្ឌនេះមិនត្រូវបានបំពេញទេនោះ វានឹងមិនមានកិច្ចព្រមព្រៀងនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចព្រមព្រៀងបទឈប់បាញ់ បានបញ្ចប់ជាច្រើនខែនៃការប្រយុទ្ធគ្នា ឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលបានចាប់ផ្តើម នៅក្នុងខែតុលា ឆ្នាំ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានបន្តប្រតិបត្តិការមានកម្រិត ដោយអះអាងថាកំណត់គោលដៅ ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលបំពានបទឈប់បាញ់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top