ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ប្រកាសថា ក្រុមហាម៉ាស់មិនបានផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំង ដែលត្រូវដោះលែងនោះទេ

Xinhua

យេរ៉ូសាឡឹម៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហាម៉ាស់ មិនបានផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអ៊ែលដែលត្រូវដោះលែងនោះទេ ។

ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបដិសេធពី របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗដែលដកស្រង់សម្តីមន្ត្រីក្រុមហាម៉ាស់ថា ក្រុមនេះបានយល់ព្រមដោះលែងចំណាប់ខ្មាំងចំនួន៣៤នាក់ថា “ក្រុមហាម៉ាស់ មិនទាន់បានផ្ទេរបញ្ជីឈ្មោះចំណាប់ខ្មាំង (អ៊ីស្រាអ៊ែល) ទេរហូតមកដល់ពេលនេះ” ។

ទន្ទឹមនឹងនេះដែរ ទូរទស្សន៍ Kan TV ជាកម្មសិទ្ធិរបស់អ៊ីស្រាអ៊ែលបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោក David Barnea ប្រធាន Mossad នឹងធ្វើដំណើរនៅថ្ងៃស្អែកទៅកាន់ប្រទេសកាតា ដើម្បីចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សាដែលកំពុងបន្ត ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមចលនាជីហាដអ៊ីស្លាមប៉ាឡេស្ទីនបានឲ្យដឹងថា បក្សពួកប៉ាឡេស្ទីនត្រូវការពេលមួយសប្តាហ៍ដើម្បីរៀបចំ និងប្រគល់បញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអ៊ែល សម្រាប់ការដោះដូរក្នុងដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាដែលអាចធ្វើទៅរួច ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top