ព័ត៌មានអន្តរជាតិ

លោក Donald Trumpថា ប្រទេសកាណាដា គួរតែក្លាយជារដ្ឋអាមេរិកទី៥១ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លាលែងពីតំណែង

Xinhua

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់យោបល់ថា ប្រទេសកាណាដា គួរតែក្លាយជារដ្ឋអាមេរិកទី៥១ ជាផ្លូវការ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលាលែងពីតំណែង ជាអ្នកដឹកនាំគណបក្ស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trudeau បានលាលែងពី តំណែង កាលពីថ្ងៃចន្ទដោយលើកឡើងពី “ការប្រយុទ្ធផ្នែកផ្ទៃក្នុង” នៅក្នុងគណបក្សសេរី។ យ៉ាងណាក៏ដោយ លោក​នឹង​នៅ​តែ​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ រហូត​ដល់​គណបក្ស​ជ្រើសរើស​មេដឹកនាំ​ថ្មី​ ដែល​ឈាន​ទៅ​បោះឆ្នោត​សភា​ថ្មី​ដែល​នឹង​ត្រូវ​កំណត់​មុន​ដំណាច់​ខែ​តុលា ។

លោក Trump បានបង្ហោះនៅ លើវេទិកាសង្គម Truth Social កាលពីរសៀលថ្ងៃចន្ទថា “មនុស្សជាច្រើននៅក្នុងប្រទេស កាណាដាចង់ក្លាយជារដ្ឋទី៥១” ។ “សហរដ្ឋអាមេរិក មិនអាចទទួលរងនូវឱនភាពពាណិជ្ជកម្ម និងការឧបត្ថម្ភធនដ៏ធំ ដែលកាណាដាត្រូវការដើម្បីបន្តនៅនឹងកន្លែងទៀតទេ។ Justin Trudeau បាន​ដឹង​រឿង​នេះ​ហើយ​បាន​លាលែង​ពី​តំណែង»។

លោក Trump បានបន្ថែមថា ប្រសិនបើកាណាដា “បញ្ចូលគ្នា” ជាមួយសហរដ្ឋអាមេរិក នោះនឹងមិនមានការយកពន្ធទេ ជនជាតិកាណាដានឹងបង់ពន្ធទាប ហើយទាំងពីរនឹង “មានសុវត្ថិភាពទាំងស្រុង” ពី “ការគំរាមកំហែងរបស់នាវារុស្ស៊ី និងចិន ដែលតែងតែនៅជុំវិញពួកគេ” ។ «រួម​គ្នា​ តើ​ជាតិ​អស្ចារ្យ​ប៉ុណ្ណាទៅ!!!»

ការលាលែងពីតំណែង របស់លោក Trudeau នាយករដ្ឋមន្ដ្រីកាណាដា ហាក់ដូចជាត្រូវបានជំរុញ យ៉ាងហោចណាស់មួយ ផ្នែកដោយការគំរាមកំហែងរបស់លោក Trump ចំពោះការតម្លើងពន្ធ 25% លើទំនិញឆ្លងកាត់ពីប្រទេសកាណាដា និងម៉ិកស៊ិក ។ ប្រធានាធិបតី នាពេលខាងមុខ របស់អាមេរិកបានចោទ ប្រកាន់ប្រទេសជិត ខាងទាំងពីរពីបទអនុញ្ញាត ឱ្យជនអន្តោ ប្រវេសន៍ខុសច្បាប់ “ឧក្រិដ្ឋកម្ម និងគ្រឿងញៀន” ចូលសហរដ្ឋអាមេរិក ខណៈដែលកំពុងដំណើរ ការអតិរេកពាណិជ្ជកម្ម អយុត្តិធម៌ជាមួយទីក្រុង វ៉ាស៊ីនតោន តាមរយៈការរំលោភបំពានសន្ធិសញ្ញា ពាណិជ្ជកម្មសេរី ។ ការគំរាមកំហែងពន្ធនេះ បានបង្ក ឱ្យមានការលាលែង ពីតំណែងរបស់អនុប្រធានរបស់លោក Trudeau គឺលោកស្រី Chrystia Freeland ដោយបើកការប្រេះឆា ក្នុងចំណោមក្រុមសេរីនិយម ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top