បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបានអះអាងថា កងកម្លាំងរុស្ស៊ី បានកម្ទេចការប៉ុនប៉ង ចុងក្រោយរបស់ទីក្រុងគៀវ ដើម្បីពង្រីកមូលដ្ឋានទ័ព របស់ខ្លួននៅក្នុងតំបន់ Kursk។
សេចក្តីថ្លែងការណ៍ របស់ក្រសួងបានបញ្ជាក់ថា កម្លាំងយោធារុស្សី បានបំផ្លាញ រថក្រោះអ៊ុយក្រែនចំនួន ១០ គ្រឿង រួមជាមួយនឹងរថពាសដែក ជាច្រើនគ្រឿងផ្សេងទៀត នៅក្នុងការវាយលុកមួយ ចុងក្រោយនៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ មន្ត្រីយោធា ក្នុងទីក្រុងមូស្គូបាននិយាយថា ទាហានរុស្ស៊ី បានបន្តធ្វើការរារាំងការបង្កើតកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងតំបន់ Kursk។
យោងតាមក្រសួង ផែនការវាយលុករបស់អ៊ុយក្រែន បានផ្តោតលើទីក្រុង Bolshoye Soldatskoye ហើយកងកម្លាំងរុស្ស៊ី បានបំផ្លាញក្រុមវាយប្រហារ ជួរមុខដ៏សំខាន់របស់ទីក្រុងគៀវ ដោយមានការគាំទ្រ ពីកងទ័ពអាកាស និងកាំភ្លើងធំផង។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ យោធាអ៊ុយក្រែនបានបាត់បង់កងទ័ពសរុបចំនួន ៤៨៥នាក់ រថក្រោះ១០គ្រឿង រថពាសដែកថ្មើរជើងចំនួន៧គ្រឿង រថពាសដែកចំនួន៥គ្រឿង កាំភ្លើងធំមួយ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច និងរថយន្តជាច្រើនផ្សេងទៀត នៅក្នុងតំបន់ Kursk៕
ប្រែសម្រួល៖ស៊ុនលី