ព័ត៌មានអន្តរជាតិ

លោក Macron ៖ អ៊ុយក្រែន ត្រូវតែបង្ហាញភាពច្បាស់លាស់ ជាមួយខ្លួនឯងលើបញ្ហាកិច្ច ព្រមព្រៀងសន្តិភាព

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ ហើយនឹងតម្រូវឱ្យទីក្រុងគៀវ ប្រឈមមុខនឹងបញ្ហាបាត់បង់ទឹកដីផង។

ថ្លែងទៅកាន់សន្និសីទ ប្រចាំឆ្នាំ របស់ក្រុមឯកអគ្គរដ្ឋទូត នៅវិមាន Elysee កាលពីថ្ងៃចន្ទ លោក Macron បានលើកឡើង ពីបញ្ហាសកលមួយចំនួន រួមទាំងជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវផងដែរ។

ប្រធានាធិបតី បារាំង ក៏បានព្រមានថា មិនមានដំណោះស្រាយរហ័ស និងងាយស្រួលទេ ក្នុងប្រទេសអ៊ុយក្រែន បើទោះបី ជាលោក Trump បានសន្យាថានឹងបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស នៅពេលគាត់ចូលកាន់តំណែងក៏ដោយ។

ប្រធានាធិបតី​បារាំង​បាន​និយាយ​ថា​ ៖ ​ប្រជាជន​អ៊ុយក្រែន ​ត្រូវ​ធ្វើ​ការ​ពិភាក្សា​ជាក់ស្តែង ​មួយ​លើ​សំណួរ​ពាក់ព័ន្ធទៅនឹងបញ្ហាដែនដី ហើយ​មាន​តែ​ពួកគេ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន។

លោក Macron បន្តថា ៖ សហរដ្ឋអាមេរិក ត្រូវតែជួយយើងផ្លាស់ប្តូរលក្ខណៈនៃស្ថានភាព និងបញ្ចុះបញ្ចូលរុស្ស៊ី ឱ្យមកតុចរចាខណៈដែលសមាជិកអឺរ៉ុប នៃអង្គការណាតូមានទំនួលខុសត្រូវ ក្នុងការបង្កើតការធានា សន្តិសុខសម្រាប់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top