ព័ត៌មានអន្តរជាតិ

Update : អ្នកស្លាប់កើនដល់ជិត ១០០នាក់ និងរបួស ១៣០នាក់ ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅប្រទេសចិន

xinhua

បរទេស៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ នៅថ្ងៃអង្គារ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ទៀតជាប់គាំង ខណៈដែលការរញ្ជួយដីជាច្រើនបានអង្រួនតំបន់ខ្ពង់រាបនៃភាគខាងលិចប្រទេសចិន និងឆ្លងកាត់ព្រំដែនក្នុងប្រទេសនេប៉ាល់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមទូរទស្សន៍រដ្ឋ CCTV របស់ចិនថា មន្ត្រីក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា មនុស្ស ១៣០ នាក់ផ្សេងទៀតបានរងរបួស។

វីដេអូនៅលើទូរទស្សន៍ CCTV បានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះពាក់អាវពណ៌ទឹកក្រូច ឡើងលើគំនរកម្ទេចកម្ទីដែលរារាំងផ្ទះនៅក្នុងភូមិដែលរងការខូចខាតយ៉ាងដំណំ ខណៈដែលដុំថ្មត្រូវបានរុះរើចេញពីអគារបានរាយប៉ាយតាមដងផ្លូវ និង រថយន្តដែលខូចខាតនៅតំបន់ផ្សេងទៀត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ផ្ទះប្រហែល ១.០០០ខ្នងបានរងការខូចខាត និងមនុស្ស ១៣០ នាក់បានរងរបួស បន្ថែមពីលើការស្លាប់ ដោយលើកឡើងពីទីស្នាក់ការកណ្តាលសង្គ្រោះគ្រោះរញ្ជួយដីនៅទីបេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top