បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហ្សកហ្ស៊ីGeorgia លោក Irakli Kobakhidze បាននិយាយថា ការអះអាងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលរុស្ស៊ីបានជ្រៀតជ្រែក ក្នុងការបោះឆ្នោត នាពេលថ្មីៗនេះ របស់ប្រទេសនោះគឺជាការភូតភរកុហកបោកប្រាស់។
កាលពីថ្ងៃចន្ទ លោក Macron បានលើកឡើងថា រុស្ស៊ីបានបង្កើន ការឈ្លានពានរបស់ខ្លួន និងផ្លាស់ប្តូរលក្ខណៈ នៃអរិភាពរបស់ខ្លួនចំពោះអឺរ៉ុប និងតំបន់ផ្សេងទៀត ដោយក្នុងចំណោមរបស់ផ្សេងទៀត ដូចជាការធ្វើឱ្យដំណើរ ការបោះឆ្នោតអស្ថិរភាព និងរៀបចំប្រអប់សន្លឹកឆ្នោត ក្នុងអំឡុងការបោះឆ្នោត ខែតុលានៅហ្សកហ្ស៊ីជាដើម។
លោកKobakhidze ត្រូវបានសួរអំពីការអះអាង របស់លោក Macron ដោយអ្នកកាសែត កាលពីថ្ងៃអង្គារ ហើយបានឆ្លើយតបថា ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយ លើការកុហកបានទេ ។ ខ្ញុំកំពុងធ្វើអត្ថាធិប្បាយ លើបញ្ហាដែលអ្នករាល់គ្នាប្រឈមមុខនៅថ្ងៃនេះ ដែលជាការបំផ្លិចបំផ្លាញអ៊ុយក្រែន។
គួរឲ្យដឹងដែរថា ការបោះឆ្នោតសភា ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា បានបញ្ចប់ដោយគណបក្ស Georgian Dream ដែលជាគណបក្ស កាន់អំណាច ទទួលបានសន្លឹកឆ្នោតចំនួន ៥៣,៩៣ភាគរយ និងទទួលបាន៨៩ អាសនៈក្នុងចំណោម ១៥០នៅក្នុងសភា៕
ប្រែសម្រួល៖ស៊ុនលី