បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងមិនក្លាយជាផ្នែកមួយ របស់សហរដ្ឋអាមេរិកឡើយ ដោយលោកបានច្រានចោល គំនិតរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការធ្វើឱ្យប្រទេសជិតខាងភាគខាងជើងរបស់អាមេរិក (កាណាដា) ក្លាយជារដ្ឋទី ៥១ របស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានស្នើម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោកនឹងផ្លាស់ប្តូរ ប្រទេសកាណាដាទៅជាផ្នែកមួយ របស់សហរដ្ឋអាមេរិក។ លោក Trump បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុង សន្និសីទសារព័ត៌មាននៅក្នុងគេហដ្ឋាន របស់លោកក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃអង្គារថា “អ្នកដកខ្សែបន្ទាត់ដែលគូរដោយសិប្បនិម្មិតនោះ ហើយអ្នកពិនិត្យមើលថាតើវាមើលទៅដូចអ្វី ហើយវាក៏ល្អជាងសម្រាប់សន្តិសុខជាតិផងដែរ” ។
លោក Trudeau បានសរសេរនៅលើ X ថា “មិនមានឱកាសដែលកាណាដា នឹងក្លាយជាផ្នែកនៃសហរដ្ឋអាមេរិក” ឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា “កម្មករ និងសហគមន៍នៅក្នុងប្រទេសរបស់ យើងទាំងពីរទទួលបានអត្ថប្រយោជន៍ ពីការធ្វើជាដៃគូពាណិជ្ជកម្ម និងសន្តិសុខធំបំផុតរបស់គ្នាទៅវិញទៅមក” ។
លោក Pierre Poilievre មេដឹកនាំគណបក្សអភិរក្សប្រឆាំងក៏បាន បញ្ចេញការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះលោក Trump ដែរ ដោយលោកថា “កាណាដានឹងមិនក្លាយជារដ្ឋទី៥១ ទេ។ Poilievre បានសរសេរនៅលើ X.ថា យើងជាប្រទេសដ៏អស្ចារ្យ និងឯករាជ្យ»៕
ប្រែសម្រួលៈ ណៃ តុលា