ព័ត៌មានអន្តរជាតិ

លោក Trump មិនបដិសេធក្នុងការប្រើប្រាស់ កម្លាំងយោធាដើម្បីគ្រប់គ្រងព្រែកជីក ប៉ាណាម៉ា និងតំបន់ Greenland

AFP

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅថ្ងៃអង្គារបាននិយាយថា លោកនឹងមិនច្រានចោលការប្រើប្រាស់ កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីក Panama និងតំបន់ស្វយ័ត Greenland នោះទេ ខណៈដែលលោកបានប្រកាសថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកទាំងពីរ មានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់អាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានតិចជាង ពីរសប្តាហ៍មុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ហើយក្នុងនាមជាគណៈប្រតិភូជំនួយ និងទីប្រឹក្សាដែលរួមមានលោក Donald Trump Jr. ស្ថិតនៅក្នុង Greenland លោក Trump កំពុងពិចារណាអំពីការប្រើប្រាស់ យោធាអាមេរិកដើម្បីការពារទឹកដីទាំងពីរ។ ចេតនារបស់លោក Trump បង្ហាញពីការបដិសេធចំពោះគោលនយោបាយ របស់សហរដ្ឋអាមេរិកជាច្រើនទសវត្សរ៍ ដែលបានកំណត់អាទិភាពលើការ សម្រេចចិត្តដោយខ្លួនឯងលើការពង្រីកទឹកដី។

នៅពេលសួរថាតើគាត់នឹងបដិសេធ ការប្រើប្រាស់យោធាដែរឬទេ លោក Trump បាននិយាយថា “ខ្ញុំនឹងមិនប្តេជ្ញាចិត្តចំពោះរឿងនោះទេ” ។ “វាប្រហែលជាថាអ្នកនឹងត្រូវធ្វើអ្វីមួយ។ ប្រឡាយប៉ាណាម៉ាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសរបស់យើង”។ លោកបានបន្ថែមថា “យើងត្រូវការ Greenland សម្រាប់គោលបំណងសន្តិសុខជាតិ” ។

Greenland ដែលជាទីតាំងមូលដ្ឋានយោធា ដ៏ធំរបស់សហរដ្ឋអាមេរិក គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកយូរមកហើយ និងជាសមាជិកស្ថាបនិកនៃអង្គការណាតូ។ លោក Trump បានដាក់ការសង្ស័យលើភាពស្របច្បាប់ នៃការទាមទាររបស់ដាណឺម៉ាកចំពោះ Greenland នេះ ។

ថ្លែងសុន្ទរកថារបស់លោក Trump ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ដាណឺម៉ាក TV2 នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានហៅសហរដ្ឋអាមេរិកថាជា “សម្ព័ន្ធមិត្តដ៏សំខាន់ និងជិតស្និទ្ធបំផុត” របស់ដាណឺម៉ាក ហើយថា លោកស្រីមិនជឿថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់អំណាចយោធា ឬសេដ្ឋកិច្ចដើម្បីទទួលបានការគ្រប់គ្រងលើ Greenland នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top