បរទេស ៖ មេធាវីរបស់ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី របស់លោក ខណៈដែលមេដឹកនាំស្តីទី របស់ប្រទេសនេះបានសម្តែង ការព្រួយបារម្ភកាលពីថ្ងៃពុធ ចំពោះការប៉ះទង្គិច ដែលអាចកើតមាន រវាងភ្នាក់ងារអនុវត្តច្បាប់ និងបុគ្គលិកសន្តិសុខប្រធានាធិបតី។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈដែលមន្ត្រីប្រឆាំង អំពើពុករលួយ និងប៉ូលិស បានរៀបចំការប៉ុនប៉ងមួយផ្សេងទៀតដើម្បីឃុំខ្លួនលោក Yoon បន្ទាប់ពីការខិតខំប្រឹងប្រែង មិនបានសម្រេច កាលពីសប្តាហ៍មុន សេវាសន្តិសុខប្រធានាធិបតី បានពង្រឹងការការពារបរិវេណផ្ទះ របស់លោក Yoon ជាមួយនឹងលួសបន្លា និងរថយន្តជាច្រើនជួរ ដែលបិទផ្លូវទៅកាន់ លំនៅដ្ឋានរបស់លោក។
ការិយាល័យស៊ើបអង្កេត អំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ និងប៉ូលិសបាននិយាយថា ពួកគេនឹងខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីឃុំខ្លួនលោក Yoon ដោយព្រមានថា ពួកគេអាចចាប់ខ្លួនសមាជិកបុគ្គលិកសន្តិសុខប្រធានាធិបតី ប្រសិនបើពួកគេរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ប្រធានាធិបតី។
ការិយាល័យ ដែលកំពុងដឹកនាំការស៊ើបអង្កេតរួមគ្នា ជាមួយប៉ូលិស និងយោធា បាននឹងកំពុងស្វែងរកការឃុំខ្លួនលោក Yoon ចាប់តាំងពីលោកបាន បដិសេធម្តង ហើយម្តងទៀត នូវការកោះហៅ សម្រាប់ការសាកសួរថា តើការដណ្តើមអំណាចខ្លី របស់លោកនៅថ្ងៃទី៣ ខែធ្នូ បង្កើតបានជាការបះបោរ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ មេធាវីរបស់លោក Yoon បានជំទាស់នឹងភាពស្របច្បាប់ នៃដីកាឃុំខ្លួនថ្មី ដែលចេញកាលពីថ្ងៃអង្គារ ដោយតុលាការក្រុងសេអ៊ូលខាងលិច ដោយលើកហេតុផលថា ភ្នាក់ងារប្រឆាំងអំពើពុករលួយ ខ្វះសិទ្ធិអំណាចផ្លូវច្បាប់ ក្នុងការស៊ើបអង្កេត ការចោទប្រកាន់ពីបទបះបោរ ឬបញ្ជាឱ្យប៉ូលីសឃាត់ខ្លួនជនសង្ស័យ៕
ប្រែសម្រួលៈ ណៃ តុលា