ព័ត៌មានអន្តរជាតិ

ជារៀងរាល់ថ្ងៃ ទីក្រុងហូជីមិញ របស់វៀតណាម ផាកពិន័យបានជាង ២៣ម៉ឺនដុល្លារ ចំពោះការបំពានច្បាប់ចរាចរណ៍

VN EXPRESS

បរទេស៖ ចំនួនទឹកប្រាក់សរុប នៃការផាកពិន័យបទល្មើសច្បាប់ចរាចរណ៍ នៅទីក្រុងហូជីមិញបន្ទាប់ពីមួយសប្តាហ៍ នៃការអនុវត្តកម្រិតថ្មី យោងតាមក្រិត្យលេខ ១៦៨ គឺ ៤២,៥ ពាន់លានដុង កើនឡើង ១១ ពាន់លានដុងធៀប នឹងរយៈពេលមុន។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ព័ត៌មាននេះត្រូវ បានប្រកាសដោយលោកវរសេនីយ៍ Le Van Hai អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ប៉ូលីសទីក្រុងហូជីមិញ ក្នុងសន្និសីទសារព័ត៌មាន សេដ្ឋកិច្ច និងសង្គមរបស់ទីក្រុង នារសៀលថ្ងៃទី ៩ មករា នៅពេលឆ្លើយសំណួរ អំពីការអនុវត្តអនុក្រឹត្យលេខ ១៦៨/២០២៤ គ្រប់គ្រងការផាកពិន័យ ចំពោះការបំពានច្បាប់ចរាចរណ៍។

ចាប់តាំងពីក្រឹត្យលេខ ១៦៨ ចូលជាធរមាន ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមករា ប៉ូលីសចរាចរណ៍ទីក្រុងហូជីមិញ រកឃើញការល្មើសច្បាប់ចំនួន ១១.៨៣០ ករណី ឃាត់យានយន្តបានជាង ៤.៣០០ គ្រឿង ជាបណ្តោះអាសន្ន ក្នុងនោះមានរថយន្ត ១១ គ្រឿង, ម៉ូតូ ៤.២២០ គ្រឿង យានជំនិះផ្សេងទៀត ១០២ គ្រឿង និងដកហូតប័ណ្ណបើកបរជិត ២.១០០ ។ ការផាកពិន័យសរុបមានចំនួនប្រមាណ ៤២,៥ពាន់លានដុង ជាមធ្យមជាង ៦ពាន់លានដុង ស្មើនឹងជាង ២៣ម៉ឺនដុល្លារក្នុងមួយថ្ងៃ កើនឡើង ១១ពាន់លានដុង បើធៀបនឹងរយៈពេលមុន។

លោកវរសេនីយ៍ទោ Le Van Hai បានឲ្យដឹងថា ការល្មើសទាំងនោះរួមមាន ស្រវឹង បើកបរហួសល្បឿនកំណត់ បើកបរក្នុងគន្លងផ្លូវខុស បើកបរលើចិញ្ចើមផ្លូវ ឈប់ចតយានយន្តល្មើសច្បាប់ មិនគោរពភ្លើងសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ៕
ប្រែសម្រួលៈ ណៃ តុលា

To Top