ព័ត៌មានអន្តរជាតិ

អតិផរណារបស់វៀតណាម នឹងនៅតែមានកម្រិតមធ្យម នៅឆ្នាំ២០២៥

Xinhua

ហាណូយៈ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា អតិផរណារបស់ប្រទេសវៀតណាម ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត មធ្យមក្នុងឆ្នាំ២០២៥។

លោក Nguyen Duc Do អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមបណ្ឌិត្យសភា ហិរញ្ញវត្ថុបានឲ្យដឹងថា បន្ថែមលើកត្តាទាក់ទងនឹងរូបិយប័ណ្ណ និងអត្រាប្តូរប្រាក់ អតិផរណានៅឆ្នាំ២០២៥ ក៏អាចពឹងផ្អែកលើកំណើន សេដ្ឋកិច្ចពិភពលោក តម្លៃប្រេង និងតម្លៃទំនិញផ្សេងទៀត។

អង្គការអន្តរជាតិបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ នឹងនៅតែកើនឡើងជាលំដាប់ក្នុងអត្រា ៣,២ភាគរយ ស្មើនឹងឆ្នាំ២០២៤ ខណៈដែលតម្លៃជា មធ្យមនៃប្រេង និងទំនិញចូលមូលដ្ឋានមាននិន្នាការធ្លាក់ចុះបន្តិច។  លោកបានលើកឡើងថា អត្រាប្តូរប្រាក់ និង អត្រាការប្រាក់ គឺជាកត្តាមិនច្បាស់លាស់ ដែលនឹងប៉ះពាល់ដល់ តម្លៃនៅក្នុងប្រទេសវៀតណាម។

លោកបានបន្ដថា អរគុណ ចំពោះគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ដែលមានស្ថិរភាព និងសមហេតុផល វៀតណាម បានគ្រប់គ្រងអតិផរណា នៅខាងក្រោម ៤ភាគរយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។  នៅឆ្នាំ២០១៥ អតិផរណាជាមធ្យមនឹងបន្តត្រូវបានគ្រប់គ្រងនៅកម្រិត ៣ភាគរយបូកឬដក ០,៥ ភាគរយដែលទាបជាងគោលដៅ ៤ ដល់ ៤,៥ភាគរយដែលត្រូវបានអនុម័តដោយរដ្ឋសភា។

សេដ្ឋវិទូ ង៉ោ ទ្រីឡុង បានឲ្យដឹងថា ដើម្បីគ្រប់គ្រង សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅឆ្នាំ២០២៥ ចាំបាច់ត្រូវគ្រប់គ្រង តម្លៃទំនិញដូចជា សាំង អគ្គិសនី អាហារ និងថ្នាំ ដើម្បីចៀសវាងការឡើងថ្លៃភ្លាមៗ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top