ប្រ៊ុចសែលៈ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានប្រកាសថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងព្រុចសែល ដើម្បីជួបជាមួយស្នងការអឺរ៉ុប ទទួលបន្ទុកថាមពល អំពីបញ្ហាដឹកជញ្ជូនឧស្ម័ន និងដាស់លោកឱ្យភ្ញាក់ពីដំណេកដ៏ផ្អែមល្ហែម លង់លក់របស់លោក” ។
លោក Fico នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមមុនការធ្វើដំណើរ របស់លោកបានគូសបញ្ជាក់ពីការខូចខាតសេដ្ឋកិច្ច ដែលស្លូវ៉ាគី ប្រឈមមុខ ដោយសារតែការសម្រេចចិត្ត របស់អ៊ុយក្រែន ក្នុងការបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា ការបញ្ឈប់នេះអាចបណ្តាលឱ្យមានការខាតបង់ជិត ១,៥ ពាន់លានអឺរ៉ូ (១,៥៥ពាន់លានដុល្លារអាមេរិក) សម្រាប់ស្លូវ៉ាគី និងប្រហែល ៧០ពាន់លានអឺរ៉ូ (៧២,១ពាន់លានដុល្លារអាមេរិក) សម្រាប់សហភាពអឺរ៉ុប។
លោក Fico បានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ពីបទបំផ្លាញផលប្រយោជន៍ ហិរញ្ញវត្ថុរបស់ស្លូវ៉ាគី និងសហភាពអឺរ៉ុប ទោះបីជាមានការបញ្ជាក់របស់គណៈកម្មការអឺរ៉ុបថា គ្មានអ្វីរារាំងផ្លូវច្បាប់ពីអ៊ុយក្រែន ពីការបន្តការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី។
លោកបានលើកឡើងថា “ទាំងស្លូវ៉ាគី និងសហភាពអឺរ៉ុប មិនមានសង្រ្គាមនោះទេ។ យើងគ្មានហេតុផល ដើម្បីអត់ឱន ចំពោះសកម្មភាពរបស់លោក ហ្សេឡិនស្គី ជាពិសេសការពិចារណាលើជំនួយដែលស្លូវ៉ាគី និងសហភាពអឺរ៉ុប ផ្តល់ដល់អ៊ុយក្រែន” ។
កិច្ចសន្យាដឹកជញ្ជូនឧស្ម័នរវាង អ៊ុយក្រែន និងរុស្ស៊ីបានផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលនាំទៅដល់ការបញ្ឈប់លំហូរ ឧស្ម័នទៅកាន់ប្រទេសស្លូវ៉ាគី នៅថ្ងៃបន្ទាប់ ខណៈដែលលោក ហ្សេឡិនស្គី ជ្រើសរើសមិន បន្តកិច្ចព្រមព្រៀង៕
ប្រែសម្រួល ឈូក បូរ៉ា