បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីលទ្ធភាព នៃកងកម្លាំងរក្សាសន្តិភាពអន្តរជាតិនៅទីនោះ។
មេដឹកនាំលោកខាងលិចជាច្រើនបានបង្ហាញអំពីគោលគំនិត នៃការបញ្ជូនកងរក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ជាផ្លូវការ អាចកើតឡើង ជាមួយរុស្ស៊ី ដែលប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក Donald Trump បានប្តេជ្ញាថា នឹងធ្វើជាឈ្មួញកណ្តាល បន្ទាប់ពីការសម្ពោធ របស់លោកនៅក្រោយថ្ងៃឡើង កាន់អំណាចជាផ្លូវការទី២០ខែមករា។
លោក Zelensky បានថ្លែងថា ៖ វានឹងកើតឡើង។ មេដឹកនាំអង់គ្លេសនឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅអ៊ុយក្រែន គាត់នឹងមានដំណើរទស្សនកិច្ចទៅអ៊ុយក្រែន ហើយយើងនឹងនិយាយគ្នា។ ទោះបីជាយ៉ាងណាក្តីលោក Zelensky មិនបាននិយាយថាតើការធ្វើដំណើររបស់ Starmer នឹងកើតឡើងនៅពេលណាទេ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នៅពេលនេះគឺថាការិយាល័យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានបដិសេធមិនធ្វើអត្ថាធិប្បាយក៏ដោយ Bloomberg បាននិយាយថា ដំណើរទស្សនកិច្ចនេះអាចកើតឡើង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយដកស្រង់ប្រភពអនាមិក នៅក្នុងជួររដ្ឋាភិបាល ដែលដឹងពីបញ្ហានេះ៕
ប្រែសម្រួល៖ស៊ុនលី