ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ដើម្បីរារាំងសមត្ថភាពក្រុងមូស្គូ ក្នុងសង្គ្រាមលើអ៊ុយក្រែន

Xinhua

បរទេស៖ សហរដ្ឋអាមេរិក និងជប៉ុន កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ក្នុងសកម្មភាពដែលបង្កើតឡើងដើម្បីរារាំងសមត្ថភាពរបស់រុស្ស៊ី ក្នុងការបន្តផ្តល់មូលនិធិដល់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលដាក់តាមរយៈក្រសួងហិរញ្ញវត្ថុ និងបានប្រកាសក្នុងពេលដំណាលគ្នាតាមរយៈក្រសួងការបរទេស និងសេតវិមាន គឺសំដៅកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីពីការផលិតថាមពល និងកំណត់គោលដៅទៅលើក្រុមហ៊ុនផលិតប្រេងធំជាងគេពីររបស់រុស្ស៊ីគឺ Gazprom Neft និង Surgutneftegas ។

ទណ្ឌកម្មទាំងនោះ រួមមានអង្គភាព និងបុគ្គលជាង ២០០ ដែលពាក់ព័ន្ធក្នុងវិស័យថាមពលរបស់រុស្ស៊ី រួមទាំងពាណិជ្ជករប្រេងរុស្ស៊ី អ្នកផ្តល់សេវាអណ្តូងប្រេងដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងមន្ត្រីថាមពលរុស្ស៊ី។ សហរដ្ឋ​អាមេរិក​ក៏​បាន​កំណត់​លើនាវា​ដឹក​ប្រេង​ចំនួន ១៨០ គ្រឿង​ថា​ជា “ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​រារាំង”។ ភាគច្រើនគឺជាផ្នែកនៃ “កងនាវាស្រមោល” របស់រុស្ស៊ី ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនប្រេងរុស្ស៊ីដោយសម្ងាត់នៅជុំវិញពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយសេតវិមាន ទីប្រឹក្សារងសន្តិសុខជាតិលោក Daleep Singh បាននិយាយថា “វិធានការទាំងនេះនឹងប្រមូលប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយខែពីសង្រ្គាមរបស់វិមានក្រឹមឡាំង ហើយការធ្វើដូច្នេះ បង្កើនការចំណាយ និងហានិភ័យសម្រាប់ទីក្រុងមូស្គូក្នុងការបន្តសង្រ្គាមដែលមិនចេះចប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top