បរទេស ៖ ចាប់តាំងពីការផ្អាកការដឹកជញ្ជូន ឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់អ៊ុយក្រែន កាលពីថ្ងៃទី០១ ខែមករា អឺរ៉ុបបាននឹងកំពុងប្រឈមមុខ នឹងការផ្គត់ផ្គង់ឧស្ម័ន ដ៏តឹងតែង និងតម្លៃកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ស្ថានភាពនេះគំរាមកំហែងដល់សន្តិសុខ ថាមពល នៃប្រទេសអ៊ឺរ៉ុបមួយចំនួន ហើយប៉ះពាល់យ៉ាងខ្លាំង ដល់ការប្រកួតប្រជែង របស់សហភាពអឺរ៉ុប ដោយសារការកើនឡើង ថ្លៃដើមថាមពល។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក នៅតែទទួលបានអត្ថប្រយោជន៍ពីការកើនឡើង នៃការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់អឺរ៉ុប។
នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានឲ្យដឹងនៅក្នុងការបង្ហោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា ការសម្រេចចិត្តជាឯកតោភាគីរបស់អ៊ុយក្រែន ក្នុងការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ណាមួយកំពុងបង្កឱ្យមាន “គ្រោះថ្នាក់យ៉ាងសំខាន់” ដល់ស្លូវ៉ាគី និងសហភាពអឺរ៉ុប។
លោកបានលើកឡើងថា ការបញ្ឈប់នេះ អាចបណ្តាលឱ្យមានការ ខាតបង់ជិត ១,៥ពាន់លានអឺរ៉ូ (១,៥៥ពាន់លាន ដុល្លារអាមេរិក) សម្រាប់ស្លូវ៉ាគី និងប្រហែល ៧០ពាន់លានអឺរ៉ូ សម្រាប់សហភាពអឺរ៉ុប។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានជួបជាមួយស្នងការ ថាមពលសហភាពអឺរ៉ុបលោក Dan Jorgensen លោក Fico បានលើកឡើងថារដ្ឋាភិបាលរបស់លោក អាចពិចារណាបញ្ឈប់ជំនួយមនុស្សធម៌ ដល់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងជម្លោះដឹកជញ្ជូន ឧស្ម័នរបស់រុស្ស៊ីដែលកំពុងបន្ត។
នៅឆ្នាំ២០២៣ ឧស្ម័នរុស្ស៊ីប្រហែល ១៥ពាន់លានម៉ែត្រគូបត្រូវបានដឹកជញ្ជូនតាមរយៈអ៊ុយក្រែន ទៅកាន់អឺរ៉ុប ដែលស្មើនឹងប្រហែល ៥ ភាគរយ នៃតម្រូវការរបស់អឺរ៉ុប។
ស្លូវ៉ាគី ដែលពឹងផ្អែកខ្លាំង លើឧស្ម័នរបស់រុស្ស៊ី បាននាំចូលឧស្ម័នធម្មជាតិប្រមាណ ៣ពាន់លានម៉ែត្រគូប ពីប្រទេសរុស្ស៊ីតាមរយៈអ៊ុយក្រែន ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ២ ភាគ ៣ នៃតម្រូវការរបស់ខ្លួន។
សម្រាប់ពេលនេះ បំពង់បង្ហូរឧស្ម័ន ស្ទ្រីមតួកគីនៅក្រោមសមុទ្រខ្មៅ បានក្លាយជាផ្លូវតែមួយគត់ ដែលនៅសេសសល់ សម្រាប់ដឹកជញ្ជូនឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប។ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា បើគ្មាន បំពង់បង្ហូរ ឧស្ម័នតួគីទេនោះ ហុងគ្រីនឹង “ស្ថិតក្នុងស្ថានភាពលំបាកបំផុត ក្នុងនាមជាប្រទេស គ្មានផ្លូវគោក” ៕
ប្រែសម្រួល ឈូក បូរ៉ា