ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អ្នកដែលដើរ តាមផ្លូវដូចគ្នា ទើបជាមិត្តភក្តិ៍ ដ៏ពិតប្រាកដ

“ទំនាក់ទំនងភាពជាដៃគូ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ រវាងចិន និងអាហ្វ្រិក ត្រូវបានរំពឹងថា នឹងទទួលការអភិវឌ្ឍ យ៉ាងស៊ីជម្រៅ ” “ចិនសន្យាថា នឹងគាំទ្រអាហ្វ្រិកបង្កើន កិច្ចកសាងសមត្ថភាពសន្តិសុខ” “ចិនប្រឆាំងនឹងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសអាហ្វ្រិក ”។ល។ អំពីដំណើរទស្សនកិច្ចនៅអាហ្វ្រិករបស់លោក WangYiសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ប្រព័ន្ធសារព័ត៌មានក្នុងតំបន់ជាច្រើនបានវាយតម្លៃដូចពោលខាងលើ ។
អ្នកដែលស្គាល់ច្បាស់គោល នយោបាយ ការទូតរបស់ចិនសុទ្ធតែដឹងថា ដំណើរទស្សនកិច្ចលើកដំបូងជារៀងរាល់ឆ្នាំ របស់រដ្ឋមន្ត្រីការបរទេសចិន សុទ្ធតែនឹងជ្រើសរើសប្រទេសអាហ្រ្វិក ប្រពៃណីនេះ បានបន្តវេនអស់រយៈពេល៣៥ឆ្នាំហើយ ។

ឆ្នាំ២០២៥នេះ ជាខួបទី២៥ នៃការបង្កើតវេទិកា សហប្រតិបត្តិការចិន-អាហ្វ្រិក ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តជាក់ស្តែង នូវសមិទ្ធផល នៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងដែរ ។ ក្រោមបរិបទបែបនេះ រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចនៅប្រទេសចំនួនបួនគឺណាមីប៊ី កុងហ្គោ (Brazzaville)ឆាដ និងនីហ្សេរីយ៉ានៅដើមឆ្នាំនេះ វាមិនត្រឹមតែបានអនុវត្តតាម “ការណាត់គ្នានៅដើមឆ្នាំថ្មី” រវាងចិននិងអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងក៏បានជំរុញការអនុវត្ត ជាក់ស្តែងនូវសមិទ្ធផល នៃ កិច្ចប្រជុំកំពូលក្រុងប៉េកាំងផងដែរ ។

មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា ឆ្លងតាមរយៈការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ភាគីទាំងពីរចិននិងអាហ្វ្រិកបានគ្រោង “តារាងពេលវេលា”និង “ផែនទីបង្ហាញផ្លូវ”នៃការអភិវឌ្ឍវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកក្នុងរយៈពេលបីឆ្នាំខាងមុខនេះ ។ ពេលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន អ្នកនយោបាយសំខាន់ៗរបស់ប្រទេសអាហ្វ្រិកទាំងបួនបាននាំគ្នាកោតសរសើរចំពោះភាគីចិនដែលបានគាំទ្រការអភិវឌ្ឍរបស់អាហ្វ្រិក ហើយលើកឡើងនូវការរំពឹងទុកថ្មីចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។

ឧទាហរណ៍ដូចជា ណាមីប៊ីបង្ហាញថា រីករាយបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីចិនក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងធនធាន ថាមពលជាដើម ។ ឆាដស្វាគមន៍សហគ្រាសចិនកាន់តែច្រើន ទៅធ្វើការវិនិយោគ រំពឹងថានឹងជំរុញឱ្យកសិផលប្រកបដោយ គុណភាពខ្ពស់កាន់ តែច្រើនចូលក្នុងទីផ្សារចិន ។ កុងហ្គោ (Brazzaville)ត្រូវដោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈម ក្នុងវិស័យការកសាងហេដ្ឋារចនាសម្ព័ន្ធ កម្លាំងអគ្គិសនី កសិកម្មនិងការធ្វើឧស្សាហូបនីយកម្មជាដើម ។

ប្រធានាធិបតីនីហ្សេរីយ៉ា បានតែងតាំងជាពិសេសនូវអគ្គលេខាធិការ ស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនីហ្សេរីយ៉ា-ចិន ដើម្បីទទួលបន្ទុកការសម្របសម្រួល និង ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ។
បើមើលជាទូទៅ សន្តិសុខនិងការអភិវឌ្ឍ ជាបញ្ហា ដែលប្រទេស អាហ្វ្រិកយកចិត្តទុកដាក់ បំផុតនាពេលបច្ចុប្បន្ន ។ ក្នុង “សកម្មភាពដៃគូធំ១០” ជាមួយអាហ្វ្រិករបស់ភាគី ចិន មានចំនួន៦ គឺពាក់ព័ន្ធដល់បញ្ហាអភិវឌ្ឍន៍ ។ ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចនៅអាហ្វ្រិក រដ្ឋមន្ត្រីការបរទេសចិន បានថ្លែង ជាសំខាន់ដល់កិច្ចសហប្រតិបត្តិការ ខាងសន្តិសុខនិងការអភិវឌ្ឍ ជាមួយអាហ្វ្រិកម្តងទៀត ។ ឧទាហរណ៍ដូចជា ភាគីចិនលើកឡើងថា នឹងគាំទ្រយ៉ាងមុតមាំឱ្យជនជាតិ អាហ្វ្រិកដោះស្រាយបញ្ហាអាហ្វ្រិកតាមទម្រង់អាហ្វ្រិក នឹងជួយប្រទេសអាហ្វ្រិក លុបបំបាត់ចោលកត្តា មិនសន្តិសុខតាមរយៈសកម្មភាពជាក់ស្តែង រីករាយធ្វើឱ្យ បន្ស៊ីគ្នានូវឧត្តមភាពរៀងៗខ្លួនជាមួយប្រទេសពាក់ព័ន្ធ ត្រួសត្រាយសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថ្មីដូចជាថាមពលស្អាត រ៉ែបៃតងនិងហិរញ្ញវត្ថុជាដើម ដោយឥតឈប់ឈរ ដើម្បីជួយអាហ្វ្រិកដើរ តាមផ្លូវអភិវឌ្ឍន៍ បៃតងនិងកាបូនទាប ។

អាហ្វ្រិកមានសុភាសិតមួយឃ្លាថា “អ្នកដែលដើរ តាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ” ។ ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ភាគីចិនបានជួយអាហ្វ្រិក សាងសង់ផ្លូវថ្នល់ប្រវែង១សែនគីឡូម៉ែត្រ ផ្លូវដែកជាង ១ម៉ឺនគីឡូម៉ែត្រ ស្ពានជិតមួយពាន់និងកំពង់ផែជិត១រយ ដែលបានផ្តល់ឱកាសការងារ ជាច្រើនដល់អាហ្វ្រិក និងផ្តល់ជំនួយ គ្រប់បែបយ៉ាងដល់ប្រជាជនអាហ្វ្រិក ។ល។ ក្រោមការណែនាំ របស់ផែនការគោលថ្មី កិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកត្រូវបានរំពឹងថានឹងបង្កើនល្បឿនក្នុងឆ្នាំថ្មី ជំរុញឱ្យកិច្ចប្រជុំកំពូលក្រុងប៉េកាំងទទួលបាន “សមិទ្ធផលក្នុងដំណាក់កាលដំបូង”កាន់តែច្រើន ដើម្បីរួមចំណែកជា “កម្លាំងចិន-អាហ្វ្រិក”នៃប្រជាជនចំនួន២ ពាន់៨រយលាននាក់ក្នុងការគាំពារសន្តិភាព និងការអភិវឌ្ឍពិភពលោក ៕

To Top