ព័ត៌មានអន្តរជាតិ

នៅគ្រា ដែលដាច់ចរន្តអគ្គិសនី នៅតែបន្ត ពលរដ្ឋ មីយ៉ាន់ម៉ា ងាកមកប្រើប្រាស់ថាមពលដើរ ដោយពន្លឺព្រះអាទិត្យវិញ

xinhua

រ៉ងហ្គូន ៖ នៅគ្រាដែលមានការដាច់ចរន្តអគ្គិសនីនៅតែបន្ត ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានងាកមកប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យ ។ ម្នាក់ក្នុងចំនោមពួកគេគឺ លោក U Kyaw Min វ័យ៧០ឆ្នាំមកពីក្រុង រ៉ងហ្គូន ដែលបានមកទស្សនាពិព័រណ៍ថាមពលពន្លឺព្រះអាទិត្យនៅទីនេះ បានលើកឡើងដូច្នេះ ។

លោក U Kyaw Min បានចែករំលែកយ៉ាងដូច្នេះថា លោកបានប្រើផលិតផលសូឡារួចហើយ នៅការិយាល័យរបស់លោកកាលពីឆ្នាំមុន ។ លោកបានបញ្ជាក់ថា “ឥឡូវនេះ ខ្ញុំមកទីនេះដើម្បីស្វែងរកដំណោះស្រាយ ធ្វើស្រែចម្ការដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់បងប្អូនខ្ញុំនៅតាមតំបន់ជនបទ ក្នុងតំបន់អៀរ៉ាវ៉ាឌី” ។

បុរសរូបនេះបានលើកឡើងថា “តម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ ដូច្នេះការចំណាយលើការធ្វើកសិកម្ម គឺខ្ពស់ដោយសារប្រេងឥន្ធនៈ ។ ខ្ញុំមកទីនេះដើម្បីស្វែងរកផលិតផល ថាមពលពន្លឺព្រះអាទិត្យ សម្រាប់យកប្រើប្រាស់ សម្រាប់ធ្វើកសិកម្ម” ។

លោកបន្តឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីនៅតែបន្តដោយប្រើម៉ាស៊ីនសាំងមិនមែនជាជម្រើសល្អនោះទេ ដោយសារតម្លៃប្រេងឡើងថ្លៃ ។ លោកបានលើកឡើងថា “ថាមពលពន្លឺព្រះអាទិត្យ គឺជាជម្រើសដ៏ល្អបំផុត ។ ខណៈដែលការចំណាយ ដំបូងគឺខ្ពស់ វាមានអត្ថប្រយោជន៍ ច្រើនក្នុងរយៈពេលយូរ ។ ថាមពលពន្លឺព្រះអាទិត្យមានគុណសម្បត្តិជាច្រើន”  ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top