ព័ត៌មានអន្តរជាតិ

Update ៖ ពលរដ្ឋប៉ាឡេស្ទីន ស្លាប់តិចបំផុត២០នាក់ និងរាប់សិបនាក់រងរបួស នៅក្នុងពេលវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប

Xinhua

ហ្គាហ្សា៖ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន២០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសកាលពីថ្ងៃសៅរ៍ របស់អ៊ីស្រាអ៊ែល មកលើតំបន់ផ្សេងៗ នៃតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ជនជាតិ ប៉ាឡេស្ទីន ចំនួន៨នាក់ បូករួមទាំងកុមារចំនួន ០២នាក់ និងស្ត្រីចំនួន០២នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ជាង៣០នាក់ រួមទាំងកុមារចំនួន១៩នាក់ បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់ បែករបស់អ៊ីស្រាអ៊ែល ទៅលើលំនៅដ្ឋានសាលារៀនមួយកន្លែង ដែលជនភៀសខ្លួនស្នាក់នៅ Jabalia នៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Basal បានបញ្ជាក់យ៉ាងដូច្នេះថា នៅក្នុងការវាយប្រហារ មួយផ្សេងទៀត ជនជាតិប៉ាឡេស្ទីនចំនួន០២នាក់ត្រូវបានសម្លាប់ ហើយជាច្រើននាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ដែលបានកំណត់គោលដៅផ្ទះមួយកន្លែងនៅសង្កាត់ Shujaiya ស្ថិតនៅភាគខាងកើតនៃទីក្រុងហ្គាហ្សា  ។មនុស្សបីនាក់ផ្សេងទៀត រួមទាំងស្រ្តីម្នាក់ និងកុមារម្នាក់ ត្រូវបានសម្លាប់ និង 10 នាក់ទៀតរងរបួសនៅក្នុងការ បំផ្ទុះគ្រាប់បែកដែលសំដៅទៅលើផ្ទះល្វែង មួយកន្លែងនៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងសង្កាត់ al-Rimal ភាគខាងលិចនៃទីក្រុង Gaza ។

លោក Basal បានបញ្ជាក់ថា នៅតំបន់ភាគខាងកើតនៃទីក្រុងហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាសទៅលើការប្រមូលផ្តុំពលរដ្ឋនៅផ្លូវ al-Nafaq បានសម្លាប់មនុស្សអស់ចំនួន០៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top