ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងថា ទាហានកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង ២.៧០០នាក់រងរបួសក្នុងសង្គ្រាមអ៊ុយក្រែន

AFP

បរទេស៖ សមាជិកសភាកូរ៉េខាងត្បូង បានពន្យល់សង្ខេបដោយទីភ្នាក់ងារចារកម្ម របស់ប្រទេសបាននិយាយកាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងប្រហែល ៣០០ នាក់ដែលត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី សម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនត្រូវបានសម្លាប់ និង ២.៧០០ នាក់ បានរងរបួស។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lee Seong Kweun បានប្រាប់អ្នកយកព័ត៌មានបន្ទាប់​ពី​ ការ​ពន្យល់​ដោយ​សេវា​ស៊ើបការណ៍​ជាតិថា “តំបន់នៃការចូលរួមរបស់កងកម្លាំងកូរ៉េខាងជើង កំពុងពង្រីកដល់តំបន់ Kursk ទាំងមូល (នៅក្នុងប្រទេសរុស្ស៊ី) ហើយអ្នកស្លាប់ និងរបួស ក្នុងចំណោមកងកម្លាំងកូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថាមានលើសពី ៣.០០០ នាក់ ដោយមានអ្នកស្លាប់ប្រហែល ៣០០ នាក់ និងប្រហែល ២.៧០០ នាក់ទៀតរងរបួស” ។

លោក Lee បាននិយាយថា ទីភ្នាក់ងារនេះជឿជាក់ថា ភាពគ្មានបទពិសោធន៍របស់ទាហានកូរ៉េខាងជើង ជាមួយនឹងសង្គ្រាមសហសម័យ និងវិធីដែលរុស្ស៊ីកំពុងប្រើប្រាស់ពួកគេ គឺជាមូលហេតុចម្បងនៃចំនួនអ្នកស្លាប់ និងរបួសយ៉ាងច្រើន។

ដោយលើកឡើងពីសេចក្តីសង្ខេបនេះ លោក Lee បានបន្ថែមថា កំណត់ហេតុដែលបានរកឃើញនៅលើ ទាហានកូរ៉េខាងជើងម្នាក់ដែលបានស្លាប់នោះ បង្ហាញថា ពួកគេត្រូវបានគេដាក់សម្ពាធឱ្យសម្លាប់ខ្លួន មុនពេលត្រូវបានចាប់ខ្លួនទាំងរស់ដោយអ៊ុយក្រែន។

កាលពីខែមុន ទីភ្នាក់ងារនេះបានប្រាប់សមាជិកសភាថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ១០០ នាក់ត្រូវបានសម្លាប់ ហើយចំនួនអ្នករងរបួសបានឡើងដល់ប្រហែល ១.០០០ នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top