សេអ៊ូល ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានច្រានចោលការចោទប្រកាន់ថា ការព្យួរកតិកាសញ្ញាយោធាអន្តរកូរ៉េ និងការបន្តការផ្សាយសំឡេង ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង គឺ មានគោលបំណង បង្កការញុះញង់របស់កូរ៉េខាងជើង មុនពេលការដាក់ច្បាប់ អាជ្ញាសឹកនៅខែធ្នូ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
ការឆ្លើយតបរបស់ក្រសួង បានធ្វើឡើង ចំពេលមានការសង្ស័យ ដែលលើកឡើងដោយប្លុកប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន រាយការណ៍ថា យោធាកូរ៉េខាងត្បូង “មានចេតនា” ចូលរួមក្នុងសកម្មភាព បែបនេះ ដើម្បីជំរុញឱ្យកូរ៉េខាងជើង បង្ករឿងពាក់ព័ន្ធនឹងការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី របស់ប្រធានាធិបតី លោក Yoon Suk Yeol កាលពីថ្ងៃទី០៣ ខែធ្នូ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធារបស់យើងបានរារាំង ការបង្កហេតុរបស់កូរ៉េខាងជើង តាមរយៈគោលនយោបាយ ជាប់លាប់ចំពោះកូរ៉េខាងជើង ខណៈពេលដែលរក្សាបាននូវការត្រៀម ខ្លួនខាងយោធាយ៉ាងរឹងមាំ” ។ ជាពិសេស ក្រសួងជាថ្មីម្តងទៀត បានច្រានចោលនូវទស្សនៈ ដែលថាយោធាបានពិចារណា លើការវាយប្រហារដោយកាំភ្លើងធំ ដើម្បីឆ្លើយតបទៅនឹង ការបាញ់បង្ហោះបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង ឆ្លងកាត់ព្រំដែន កាលពីឆ្នាំមុន។
ប្រភពបានឲ្យដឹងថា “ប៉ុន្តែមួយចំនួនកំពុងភ្ជាប់សកម្មភាពយោធាធម្មតា និងវិធានការ ជាមួយស្ថានភាពច្បាប់អាជ្ញាសឹក ដែលបង្កឱ្យមានការ ព្រួយបារម្ភអំពីសន្តិសុខ និងធ្វើឱ្យសកម្មភាពយោធារបស់យើង មិនសប្បាយចិត្ត” ដោយអំពាវនាវប្រឆាំងនឹងការបង្កើនការសង្ស័យ និងប្តេជ្ញាសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងការស៊ើបអង្កេតច្បាប់អាជ្ញាសឹក ៕
ប្រែសម្រួល ឈូក បូរ៉ា