បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារថា បុគ្គលិកយោធាដែលកំពុងបំពេញកាតព្វកិច្ចយាមនៅឯគេហដ្ឋានប្រធានាធិបតីនឹងមិនត្រូវបានប្រមូលផ្តុំដើម្បីរារាំងអ្នកស៊ើបអង្កេតពីការប៉ុនប៉ងឃុំខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk Yeol នោះទេ។
យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងថានឹងធ្វើការប៉ុនប៉ងជាលើកទីពីរដើម្បីឃុំខ្លួនលោក Yoon នៅសប្តាហ៍នេះជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក បន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោកបានបរាជ័យនៅដើមខែនេះ ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាអស់ជាច្រើនម៉ោងរវាងប៉ូលីសនិងបុគ្គលិកសន្តិសុខរបស់លោក Yoon នៅបរិវេណកណ្តាលទីក្រុងសេអ៊ូល។
លោកវីរសេនីយ៍ Lee Kyung-ho អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា “(យើង) បញ្ជាក់យ៉ាងច្បាស់ថា អង្គភាពសន្តិសុខយោធានឹងផ្តោតលើបេសកកម្មរបស់ខ្លួនដើម្បីការពារបរិវេណនៃលំនៅដ្ឋាន ហើយនឹងមិនត្រូវប្រមូលផ្តុំ ដើម្បីរារាំង ការប្រតិបត្តិដីកា” នោះឡើយ ។
លោក Lee បានបន្តថា ក្រសួងការពារជាតិបានជូនដំណឹងដល់សេវាសន្តិសុខប្រធានាធិបតី (PSS) អំពីជំហររបស់ខ្លួន ហើយទីភ្នាក់ងារនេះបានបញ្ជាក់ថា ខ្លួននឹងមិនប្រមូលផ្តុំអង្គភាពយោធាដែលការពារលំនៅដ្ឋាននោះទេ។
ប៉ូលីសសង្ស័យថា មន្ត្រីសេវាសន្តិសុខប្រធានាធិបតី បានបញ្ជាឱ្យអង្គភាពចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងអ្នកស៊ើបអង្កេតពីការឃាត់ខ្លួនលោក Yoon ក្នុងអំឡុងពេលការប៉ុនប៉ងលើកដំបូងរបស់ពួកគេនៅថ្ងៃទី៣ ខែមករា៕
ប្រែសម្រួលៈ ណៃ តុលា