ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចាប់ និងនាំខ្លួន ចេញពីគេហដ្ឋាន ដើម្បីសាកសួរជុំវិញ ការដាក់ច្បាប់អាជ្ញាសឹក

បរទេស៖ ក្រុមអ្នកស៊ើបអង្កេត បានឃុំខ្លួន លោកប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ នៅឯគេហដ្ឋាន របស់លោកនៅព្រឹកថ្ងៃពុធ ហើយកំពុងនាំលោក ទៅក្រៅដើម្បីសាកសួរជុំវិញ ការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោក ។

យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានឱ្យដឹង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ថា យោងតាមការិយាល័យស៊ើប អង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានឱ្យដឹងថា ដីកាចាប់ខ្លួន លោក Yoon ត្រូវបានអនុវត្តនៅម៉ោង 10:33 ព្រឹក។

វីដេអូផ្សាយផ្ទាល់តាមទូរទស្សន៍ បានបង្ហាញពីក្បួនរថយន្ត ដែលសន្មតថា ដឹកលោក Yoon ចេញពីបរិវេណលំនៅដ្ឋាន ប្រធានាធិបតី នៅកណ្តាលទីក្រុង សេអ៊ូល ដើម្បីឆ្ពោះទៅកាន់ការិយាល័យ CIO នៅ Gwacheon ភាគខាងត្បូង នៃទីក្រុងសេអ៊ូល ៕
ប្រែសម្រួលៈ ណៃ តុលា

To Top