បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol បាននិយាយនៅថ្ងៃពុធថា លោកបានសម្រេចចិត្ត បង្ហាញខ្លួននៅ ចំពោះមុខការសាកសួរ របស់ទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយ ដើម្បីបញ្ជៀស ហានិភ័យ នៃការបង្ហូរឈាម ខណៈដែលអះអាងថា ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះគឺ “ខុសច្បាប់”។
យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ថា លោក Yoon បានចេញសេចក្តីថ្លែងការណ៍មុន ពេលធ្វើដំណើរ ទៅកាន់ទីស្នាក់ការ កណ្តាលនៃការិយាល័យស៊ើបអង្កេត អំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) នៅទីក្រុង Gwacheon ភាគខាងត្បូង នៃទីក្រុងសេអ៊ូល ខណៈដែល CIO និងប៉ូលីសបានអនុវត្តដីកាដើម្បីឃុំខ្លួនប្រធានាធិបតីដែលត្រូវបានឡោមព័ទ្ធជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។
លោក Yoon បាននិយាយ នៅក្នុងសារជាវីដេអូ ដែលថតនៅឯគេហដ្ឋាន របស់លោកនៅ Yongsan កណ្តាលទីក្រុង សេអ៊ូលថា “ដើម្បីការពារឧប្បត្តិហេតុអកុសល និងហឹង្សា ខ្ញុំបានសម្រេចចិត្ត បង្ហាញខ្លួននៅចំពោះមុខ CIO ទោះបីជាខ្ញុំជឿថាការស៊ើបអង្កេតនេះគឺខុសច្បាប់” ក៏ដោយ ។
ក្រុមអ្នកស៊ើបអង្កេតបានឃុំខ្លួនលោក Yoon ក្រោមការចោទប្រកាន់ ពីបទដឹកនាំការបះបោរ ដែលនេះជាលើកទីមួយ ហើយដែលប្រធានាធិបតី ដែលកំពុងកាន់តំណែង គឺត្រូវបានចាប់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា