ព័ត៌មានអន្តរជាតិ

ស្លាប់និងរបួស៩នាក់ នៅក្នុងហេតុការណ៍ គ្រោះបាក់ដី នៅឥណ្ឌូនេស៊ី

Xinhua

ហ្សាការតា ៖ យោងតាមទីភ្នាក់ងារ កាត់បន្ថយគ្រោះមហន្តរាយ ខេត្តបានឱ្យដឹងថា មានមនុស្សចំនួន៤នាក់ បានស្លាប់នៅក្នុងក្រុង Batam របស់ប្រទេស ឥណ្ឌូនេស៊ី នៅខេត្តដែនកោះ Riau បន្ទាប់ពីមានគ្រោះបាក់ដី បានកើតឡើង នៅទីតាំង អគារលំនៅដ្ឋានមួយកន្លែង កាលពីព្រឹកថ្ងៃចន្ទ ហើយគ្រោះមហន្តរាយនេះ ក៏បានធ្វើឱ្យមនុស្ស ០៥នាក់ ផ្សេងទៀតរងរបួស និងបានបំផ្លាញ ផ្ទះអស់ចំនួន៥ខ្នងផងដែរ ។

លោក Hendrija ប្រធានផ្នែកស្តារនីតិសម្បទា និងកសាងឡើងវិញ របស់ទីភ្នាក់ងារ ខាងលើបានប្រាប់ដល់ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បាននិងកំពុងធ្លាក់នៅលើកោះ Riau ចាប់តាំងពីថ្ងៃសុក្រមុន ហើយត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃសៅរ៍ ។ ក្រោយមក លោកបានជំរុញ ឲ្យសាធារណជន បន្តប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ ឧតុនិយម ដែលអាចកើតមានបន្ថែមទៀត ។

លោកបានបញ្ជាក់ថា “យើងមានគម្រោងអនុវត្តការបិទផ្លូវ ទៅកាន់អគារលំនៅដ្ឋាន ជាផ្នែកនៃការឆ្លើយតបគ្រាអាសន្ននេះ ។ យើងមិនចង់ឃើញថា មានជនរងគ្រោះបន្ថែមទៀតនោះទេ” ។

ប្រទេសឥណ្ឌូណេស៊ី តែងតែជួបប្រទះ នឹងគ្រោះមហន្តរាយ ឧតុនិយមក្នុងរដូវវស្សា ។ កាលពីខែវិច្ឆិកាឆ្នាំមុន ទីភ្នាក់ងារ ឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសនេះបានព្រមានថា ប្រទេសនេះកំពុងឈាន ចូលដល់រដូវវស្សាហើយ ដោយកម្រិតទឹកភ្លៀងរំពឹងថា នឹងកើនឡើង ចន្លោះពី២០ទៅ៤០ ភាគរយ ដោយសារតែបំរ៉ែល បំរួលសីតុណ្ហភាព ពីមហាសមុទ្រសមុទ្រ ចុះទាប ដែលជាធម្មតានាំមក នូវលក្ខខណ្ឌសើម ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top