ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ នឹងធ្វើទស្សនកិច្ចទៅកាន់ ខេត្តភាគខាងត្បូងចំនួនបី ក្រោយមានការបំផ្ទុះគ្រាប់បែក បណ្តាលឱ្យស្លាប់ និងរបួសទាហាន

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា នឹងធ្វើទស្សនកិច្ចនៅខេត្តភាគខាងត្បូងចំនួនបីគឺខេត្ត Pattani, ខេត្ត Yala និង ខេត្ត Narathiwat នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាមានការបំផ្ទុះគ្រាប់បែកនាពេលថ្មីៗនេះនៅក្នុងតំបន់នេះក៏ដោយ , នេះបើយោងតាមឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បាននិយាយ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham ដែលជារដ្ឋមន្រ្តីក្រសួង ការពារជាតិផងដែរនោះ កាលពីថ្ងៃអង្គារបាននិយាយអំពីឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកចំនួនពីរនៅតំបន់ Ano Ru ក្នុងស្រុក Muang ក្នុងខេត្ត Pattani ដែលបានបណ្តាលរងរបួសទាហានស្ម័គ្រចិត្តចំនួន ៦ នាក់កាលពីព្រឹកថ្ងៃច័ន្ទ និងការបំផ្ទុះនៅស្រុក Sri Sakhon ក្នុងខេត្ត Narathiwat ដោយបានសម្លាប់មន្ត្រីប៉ូលីសពីរនាក់កាលពីថ្ងៃអង្គារ ។

លោក Phumtham បាននិយាយថា “យើងបានពិភាក្សាអំពីភាពចលាចលភាគ ខាងត្បូងនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ។ នៅពេលណា ដែលយើងកាត់បន្ថយការ អនុវត្តច្បាប់គ្រាអាសន្ន ឧបទ្ទវហេតុកើតឡើង ហាក់ដូចជាស្របតាមរបៀបវារៈនៃក្រុមមួយចំនួន” ។

លោកបន្តថា “ដូច្នេះខ្ញុំជឿថាយើងត្រូវវាយតម្លៃស្ថានភាពឡើងវិញ ។ ខ្ញុំបានណែនាំក្រុមប្រឹក្សាឱ្យពិនិត្យ ក្នុងរយៈពេលមួយខែថា តើវិធានការដែលយើងបានអនុវត្តបាន នាំមកនូវភាពប្រសើរឡើង ឬការធ្លាក់ចុះ”។

លោក Phumtham បាននិយាយថា នាយករដ្ឋមន្ត្រីបានកំណត់ ពេលធ្វើទស្សនកិច្ចទៅកាន់ខេត្តជាប់ព្រំដែនភាគខាងត្បូងសម្រាប់ថ្ងៃព្រហស្បតិ៍ ហើយបន្ថែមថា លោកនឹងធ្វើដំណើរ ទៅជាមួយនាយករដ្ឋមន្រ្តី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top