បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបញ្ជាក់ថា លោកនឹងមិនចូលរួមពិធីឡើងកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឡើយ នេះបើតាមរដ្ឋាភិបាលរបស់លោកបានប្រកាសកាលពីថ្ងៃពុធ។
អ្នកនាំពាក្យបាននិយាយថា កាលវិភាគរបស់លោក Orban ត្រូវបានរៀបចំពេញនៅចំថ្ងៃនោះហើយភាគច្រើនគឺជាការប្តេជ្ញាចិត្តក្នុងកិច្ចការងារក្នុងស្រុក ដែលធ្វើឱ្យវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការចូលរួមក្នុងពិធីនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ខែមករាឡើយ។
លោកOrban ដែលត្រូវបានគេដឹងថាជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់លោក Trump ធ្លាប់បានបង្ហាញការជឿជាក់ថា ការវិលត្រឡប់មកកាន់តំណែងរបស់អតីតប្រធានាធិបតីអាមេរិកអាចជំរុញសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។
លោកក៏ធ្លាប់បានរិះគន់ការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការបន្តជម្លោះអ៊ុយក្រែន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាអ្នកដឹកនាំអន្តរជាតិដ៏រឹងមាំ ដើម្បីជួយសម្រួលដល់ការចរចាក្នុងគោលបំណងដោះស្រាយវិបត្តិនោះផងដែរ។
គួរឲ្យដឹងដែរថានាយករដ្ឋមន្ត្រីហុងគ្រីរូបនេះគឺជាអ្នកគាំទ្រដំបូងរបស់លោក Trump ដោយគាំទ្រគាត់ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីបានជោគជ័យកាលពីក្នងឆ្នាំ២០១៦ ហើយក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក Trump បានស្វាគមន៍វត្តមានរបស់លោក Orban ទៅកាន់សេតវិមានម្តងដែរកាលពីក្នុងឆ្នាំ ២០១៩៕
ប្រែសម្រួល៖ស៊ុនលី