រ៉ូម៖ ធនាគារកណ្តាល អ៊ីតាលី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធថា បំណុលសាធារណៈរបស់ប្រទេសអ៊ីតាលី បានកើនឡើងលើសពី ៣.០០០ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល៣.០៨៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលនេះជាលើកដំបូងហើយគិតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ។
យោងតាមធនាគារខាងលើ បានបញ្ជាក់ថា បំណុលសាធារណៈរបស់ប្រទេសនេះបានកើនឡើងចំនួន ២៤ពាន់លានអឺរ៉ូ នៅក្នុងខែវិច្ឆិកា ដោយឈានដល់កម្រិតខ្ពស់បំផុតគឺ៣.០០៥,២ពាន់លានអឺរ៉ូ ។ ការកើនឡើងនេះត្រូវបានគេសន្មតថា ជាការចំណាយខ្ពស់ គួបផ្សំជាមួយនឹងការធ្លាក់ចុះតិចតួច នៃប្រាក់ចំណូលពន្ធ០,១ភាគរយធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ ។
បំណុលសាធារណៈរបស់ប្រទេសនេះមានចំនួន២.៨៦០ពាន់លានអឺរ៉ូគិតកាលនៅពីដើមឆ្នាំ ។
គេបានដឹងថា ប្រទេស អ៊ីតាលី នៅតែជាប្រទេសមួយស្ថិត នៅក្នុងចំនោមប្រទេស ដែលជំពាក់បំណុលគេច្រើនបំផុត នៅលើពិភពលោកទាក់ទង នឹងសេដ្ឋកិច្ច របស់ខ្លួន ជាមួយនឹងបំណុលស្មើនឹងប្រមាណ១៣៦.៦ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា