បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឱ្យដឹងថា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បាននិយាយថា លោកអាចនឹងជួប ជាមួយមេដឹកនាំ អ៊ុយក្រែន លោក Vladimir Zelensky នៅក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាសំខាន់ៗជុំវិញ ការផ្ទេរថាមពលរបស់រុស្ស៊ីផងដែរ ។
រដ្ឋាភិបាលទីក្រុងគៀវ បានបញ្ចប់ការដឹកជញ្ជូនហ្គាសធម្មជាតិរបស់រុស្ស៊ីតាមរយៈទឹកដី របស់ខ្លួនទៅកាន់សហភាពអឺរ៉ុប នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២៤មកម្ល៉េះ ដោយបានកាត់ផ្តាច់លំហូរ ទៅកាន់ប្រទេសមួយចំនួនក្នុងប្លុកនេះ ប្រកបដោយប្រសិទ្ធភាព រួមទាំងអូទ្រីស អ៊ីតាលី និងស្លូវ៉ាគីផងដែរ។ អ៊ុយក្រែនបានបដិសេធមិនបន្តកិច្ចព្រមព្រៀងនេះ ដោយបង្កឱ្យមានការបែកបាក់គ្នាក្នុងសមាជិកប្លុកអឺរ៉ុបនានា ។
លោកFico បានព្រមានកាលពីសប្តាហ៍មុនថា ប្រសិនបើការឆ្លង កាត់មិនដំណើរការឡើងវិញទេ គាត់នឹងវេតូគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប លើការជួយអ៊ុយក្រែន ហើយនឹង ចាត់វិធានការបុគ្គលប្រឆាំងនឹងទីក្រុងគៀវផងដែរ ខណៈដែរលោកZelensky នៅតែបន្តអះអាងថា ទីក្រុងគៀវធ្វើបែបនេះក្នុងគោល បំណងលុបបំបាត់ប្រាក់ចំណេញ របស់ទីក្រុងមូស្គូប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទលោក Fico បានចេញលិខិតចំហមួយផ្ញើទៅកាន់លោក Zelensky នៅលើ Facebook ដោយស្នើឲ្យមានកិច្ចប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះត្រូវបានរៀបចំឡើង។
ក្នុងលិខិតនោះ នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានស្នើថា កិច្ចប្រជុំអាចនឹងធ្វើឡើង នៅលើទឹកដីនៃប្រទេសស្លូវ៉ាគី ក្បែរព្រំដែនខ្លួនជាមួយអ៊ុយក្រែនហើយលោកបាន និយាយថា ការសម្រេចចិត្តរបស់ទីក្រុងគៀវ ក្នុងការបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន បានបង្កការខូចខាតយ៉ាងច្រើនមិនត្រឹមតែដល់ប្រទេសស្លូវ៉ាគីប៉ុណ្ណោះទេ ថែមទាំងដល់រដ្ឋសហភាពអឺរ៉ុបផ្សេងទៀត និងចំពោះអ៊ុយក្រែនផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី