ព័ត៌មានអន្តរជាតិ

ចក្រភព​អង់គ្លេស​ និង​បារាំង​ ពិភាក្សា​គ្នាដោយសម្ងាត់​ អំពី​ការបញ្ជួនកងទ័ព​ចូលអ៊ុយក្រែន

RT News

បរទេស៖ សារព័ត៌មាន Telegraph បានអះអាងចេញពីប្រភពអានាមិកថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានពិភាក្សាគ្នាអំពីការបញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Vladimir Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែនបានលើកឡើងជាលើកដំបូងអំពីគំនិតនេះកាលពីសប្តាហ៍មុន ហើយបាននិយាយថា លោកនឹងពិភាក្សារឿងនេះជាមួយលោក Starmer នៅពេលលោកទៅទស្សនាទីក្រុងគៀវ។

សារព័ត៌មាន Telegraph បានដកស្រង់ប្រភព Whitehall ដែលបាននិយាយនៅល្ងាចថ្ងៃពុធថា “មានការប្រឈមលើអ្វីដែលយើងអាចគាំទ្របាន អ្វីដែលយើងចង់គាំទ្រ និងសំណួរទូលំទូលាយអំពីការគំរាមកំហែងដែលកងទ័ពទាំងនោះអាចស្ថិតនៅក្រោម និងថាតើវាកើនឡើងឬអត់”។

អ្នកនាំពាក្យរបស់វិមាន 10 Downing Street របស់អង់គ្លេស និង វិមាន Elysee Palace របស់បារាំង មិនបានបដិសេធថា លោក Starmer និងលោក Macron បានពិភាក្សាអំពីលទ្ធភាពរក្សាសន្តិភាពកាលពីសប្តាហ៍មុននៅ Checkers ក្នុងចក្រភពអង់គ្លេស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការសន្ទនានោះទេ។

ប្រែសម្រួលៈ ណៃ តុលា

To Top