ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តធំរបស់ចិន កំពុងសម្លឹងមើលការទិញយក រោងចក្រផលិតរថយន្ត Volkswagen នៅក្នុងប្រទេសអាល្លឺម៉ង់

RT News

បរទេស៖ យោងតាមប្រភពដែលដឹងអំពី ការវាយតម្លៃរបស់ទីក្រុងប៉េកាំង បានឱ្យដឹងថា មន្ត្រីចិន និងក្រុមហ៊ុនផលិតរថយន្ត ចាប់អារម្មណ៍ក្នុងការទិញយករោងចក្រ Volkswagen នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវគេដឹងថារោងចក្រនេះគ្រោងបិទទ្វារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំងជឿជាក់ថា ការចាប់ផ្តើមផលិតកម្មក្នុងស្រុក នៅក្នុងប្រទេសអាល្លឺម៉ង់នឹងជួយឱ្យមាន ការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងវិស័យយានយន្ត ដែលមានការវាយតម្លៃខ្ពស់របស់ប្រទេសនេះ។ ជាងនេះទៅទៀត ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (EVs) នឹងអាចជៀសវាងបានពីការតម្លើងពន្ធនាំចូល នៅពេលលក់រថយន្តនៅសហភាពអឺរ៉ុប បាន​ថែមទៀត។ 

នៅខែតុលា ឆ្នាំ ២០២៤ គណៈកម្មការអឺរ៉ុបបានដំឡើងពន្ធនាំចូលលើរថយន្ត EV របស់ចិនដល់ជាង ៤៥ភាគរយ បន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹង ការឧបត្ថម្ភធនលើការនាំចូល។

យ៉ាងណាក៏ដោយអាជ្ញាធរចិន ក្នុងការឆ្លើយតបបានណែនាំពន្ធបណ្ដោះអាសន្ន លើម៉ាកយីហោដែលមានដើមកំណើតនៅសហភាពអឺរ៉ុប និងបានគំរាមតម្លើងពន្ធខ្ពស់ លើរថយន្តដែលប្រើប្រេងសាំងជាមួយនឹងម៉ាស៊ីនធំ។ ទីក្រុងប៉េកាំងក៏បានដាក់ពាក្យបណ្តឹង ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយចោទប្រកាន់រដ្ឋាភិបាលទីក្រុងព្រុចសែលថា កំពុងចូលរួមក្នុង “ការការពារនិយមពាណិជ្ជកម្ម” ។

អាជីវកម្មចិនបានវិនិយោគលើវិស័យជាច្រើន នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប រាប់ចាប់ពីទូរគមនាគមន៍ រហូតដល់មនុស្សយន្ត។ បច្ចុប្បន្នក្រុមហ៊ុន Mercedes-Benz មានម្ចាស់ភាគហ៊ុនធំពីរ មកពីសាធារណរដ្ឋប្រជាមានិតផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top