បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេស ប៉ាគីស្ថាន បានរាយការណ៍កាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan និងភរិយាលោកស្រី Bushra Bibi ត្រូវបានកាត់ទោសក្នុងសំណុំរឿង ពុករលួយដីធ្លីដែលមានទំហំលុយ ២៣២ លានដុល្លារ ពាក់ព័ន្ធនឹងក្រុមហ៊ុន Al-Qadir Trust ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមសារព័ត៌មាន ARY News and Dawn គឺ តុលាការប្រឆាំងអំពើពុករលួយ នៅភាគខាងជើងនៃទីក្រុង Rawalpindi បានកាត់ទោសលោក Khan ឱ្យជាប់ពន្ធនាគារ ១៤ ឆ្នាំ និង ភរិយាលោក គឺលោកស្រី Bibi ឱ្យជាប់គុក ៧ ឆ្នាំ ជាមួយនឹងសាលក្រមត្រូវបានប្រកាសនៅពន្ធនាគារ Adiala ។
លោក Khan និង លោកស្រី Bibi ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៣.៦០០ដុល្លារ និង ១.៨០០ដុល្លារ រៀងៗខ្លួនផងដែរ ជាមួយនឹងការខកខានមិនបាន អនុវត្តតាមការជាប់ពន្ធនាគារបន្ថែម។
សំណុំរឿងក្រុមហ៊ុន Al-Qadir Trust ផ្តោតលើការចោទប្រកាន់ថា លោក Khan និងលោកស្រី Bibi មានជាប់ពាក់ព័ន្ធក្នុងគម្រោងទទួលប្រយោជន៍ ដែលគេឃើញអ្នកនយោបាយ រូបនេះ និងប្រពន្ធរបស់លោកទទួលបាន ដីមានតម្លៃរាប់លានដុល្លារពីមហាសេដ្ឋីអចលនទ្រព្យ កំឡុងពេលបង្កើតសាកលវិទ្យាល័យ ដែលមានឈ្មោះជាថ្នូរនឹងការការពារផ្លូវច្បាប់។
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានបដិសេធការចោទប្រកាន់នេះ ដោយហៅថា “មានហេតុផលនយោបាយ”។ នៅមុនពេលប្រកាសសាលក្រម លោក Khan បាននិយាយថា ករណីនេះខ្វះភស្តុតាង ហើយនឹងធ្វើឲ្យអាជ្ញាធរអាម៉ាស់។ លោកបាននិយាយថា “ការកាត់ទោសរបស់ខ្ញុំកំពុងត្រូវបាន ស្វែងរកក្នុងករណីដែលខ្ញុំមិនបានទទួលផល ចំណេញផ្ទាល់ខ្លួនមួយកាក់មួយសេន ឬក៏រដ្ឋាភិបាលមិនបានទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុ មួយកាក់មួយសេនទៀតដែរ”៕
ប្រែសម្រួលៈ ណៃ តុលា