បរទេស៖ អ្នកនាំពាក្យកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានប្រាប់ VOA នៅសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភអំពីភាពងាយរងគ្រោះដែលពួកគេប្រឈមមុខនៅក្នុងប្រទេសដូចជានៅប្រទេសជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូង ប្រឆាំងនឹងការវាយប្រហាររបស់ចិន សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនមូលដ្ឋានទ័ពអាកាសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដើម្បីធានាថា បណ្តាប្រទេសទាំងនោះត្រូវបានការពារប្រឆាំងនឹងការវាយប្រហារ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យបាននិយាយថា “ខណៈពេលដែលយើងកំពុងបន្តកែលម្អឥរិយាបថបញ្ជាការដ្ឋានរបស់យើង អត្ថប្រយោជន៍នៃការប្រយុទ្ធ និងការធ្វើសមាហរណកម្មជាមួយសម្ព័ន្ធមិត្ត និងដៃគូ កងកម្លាំងទ័ពអាកាសប៉ាស៊ីហ្វិកបានត្រៀមខ្លួនជារៀងរាល់ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបង្កការគំរាមកំហែងដល់សេរីភាព និងលំហនៅឥណ្ឌូប៉ាស៊ីហ្វិក”។
អ្នកនាំពាក្យរូបនេះបានប្រាប់ VOA កាលពីថ្ងៃអង្គារថា “យើងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដើម្បីបង្កើនភាពធន់ និងភាពរស់រានមានជីវិតនៃមូលដ្ឋាន និងសម្ភារៈបរិក្ខាររបស់យើងនៅទូទាំងបញ្ជាការដ្ឋាន រួមទាំងការពង្រឹងអាកាសយានដ្ឋាន និងអគារ ខណៈដែលការវិនិយោគលើប្រព័ន្ធសន្តិសុខកម្រិតខ្ពស់ដើម្បីការពារបុគ្គលិក និងទ្រព្យសម្បត្តិរបស់យើង”។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា កងទ័ពអាកាសត្រូវបានផ្តល់លុយ “៩១៦,៦ លានដុល្លារអាមេរិក ដើម្បីកែលម្អផ្នែកដឹកជញ្ជូន សមត្ថភាពថែទាំ និងការតំកល់ឧបករណ៍ គ្រាប់បែក ឥន្ធនៈ និងសម្ភារៈនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក” តាមរយៈសារពើពន្ធ 2024 Pacific Deterrence Initiative ។ Pacific Deterrence Initiative គឺជាសំណុំនៃអាទិភាពការពារជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយសភាដើម្បីគាំទ្រដល់គោលដៅរបស់សហរដ្ឋអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ជាចម្បងដើម្បីទប់ទល់នឹងប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា