បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ជាថ្មីម្តងទៀតបានបង្កើនការព្យាករណ៍ទៅលើកំណើន សម្រាប់សេដ្ឋកិច្ចរុស្ស៊ីនៅឆ្នាំ២០២៥ ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។
នៅក្នុងការព្យាករណ៍អំពីសេដ្ឋកិច្ចពិភពលោកចុងក្រោយបំផុតរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថាឥឡូវនេះខ្លួនរំពឹងថា GDP របស់ប្រទេសរុស្សីនឹងកើនឡើង ១,៤ភាគរយនៅឆ្នាំនេះ។
តួលេខនេះគឺជាការពិនិត្យឡើងវិញដែលមានកើនឡើងនៃ ០,១ភាគរយចេញពីរបាយការណ៍ខែតុលា ២០២៤ របស់ខ្លួនហើយការព្យាករណ៍សម្រាប់២០២៦គឺនឹងនៅតែមិនផ្លាស់ប្តូរទេប្រមាណជា ១,២ភាគរយ។
គួរឲ្យដឹងដែរថាកន្លងមក IMF ធ្លាប់បានលើកឡើងពីការនាំចេញថាមពលចម្រុះរបស់រុស្ស៊ី និងវិធានការសារពើពន្ធក្នុងស្រុកថាជាកត្តាមួយក្នុងចំណោមកត្តា ដែលជួយដល់សេដ្ឋកិច្ចទទួលបានកំណើនខ្លាំងជាធម្មតាបែបនេះ។
ដោយឡែកសម្រាប់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ខ្លួនឯងរំពឹងថានឹងមានអត្រាកំណើន ២,៥ភាគរយនៅក្នុងឆ្នាំនេះ ខណៈដែលធនាគារនៃប្រទេសរុស្ស៊ីកំពុងព្យាករណ៍ច្រើនជាងពី ០,៥ភាគរយទៅ ១,៥ភាគរយ៕
ប្រែសម្រួល៖ ស៊ុនលី