ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump

យប់ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិតបីជាប់ឆ្នោតអាមេរិកតាមការណាត់ ។

លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចង្អុលបង្ហាញថា យើងទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្នា ហើយក៏សង្ឃឹមថាទំនាក់ទំនងចិន-អាមេរិក នឹងមានការចាប់ផ្តើមដ៏ល្អនៅក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអាមេរិក និងមានឆន្ទៈជំរុញទំនាក់ទំនងចិន-អាមេរិក ឱ្យសម្រេចបាននូវការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងពីចំណុចចាប់ផ្តើមថ្មី។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងលំហនៃកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ។ ភាគីទាំងពីរអាចក្លាយជាដៃគូ និងមិត្តភក្ដិ សម្រេចបាននូវភាពឈ្នះ-ឈ្នះ និងវិបុលភាពរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោកទាំងមូល។

លោក Trump បានថ្លែងអំណរគុណចំពោះលោក Xi Jinping ដោយបានសម្តែងថា លោកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកប្រធានរដ្ឋចិន Xi Jinping សង្ឃឹមថានឹងបន្តរក្សាការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ហើយរំពឹងទុកថាអាចជួបសន្ទនាជាមួយលោក Xi Jinping ក្នុងពេលឆាប់ៗ។

សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសសំខាន់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន គួរតែរក្សាទំនាក់ទំនងមិត្តភាពជាយូរអង្វែង និងរួមគ្នាគាំពារសន្តិភាពពិភពលោក។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់ស្តីពីវិបត្តិអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗផ្សេងទៀតដែលយកចិត្តទុកដាក់ដូចគ្នា។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពបង្កើតវិធីទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីរក្សាការប្រាស្រ័យទាក់ទងជាញឹកញាប់អំពីបញ្ហាសំខាន់ៗដែលជាកង្វល់រួមរបស់ប្រទេសទាំងពីរ៕

To Top