បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ភ្នាក់ងារទទួលបន្ទុកកិច្ចការងារឃ្លាំមើលសុវត្ថិភាពចំណីអាហាររបស់រុស្ស៊ី ឬហៅថា Rosselkhoznadzor បានប្រកាសហាមឃាត់ការនាំចូលសាច់ពីសហភាពអឺរ៉ុប ដោយសារហានិភ័យនៃជំងឺម្យ៉ាងដែលហៅកាត់ថាFMD។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ភ្នាក់ងារឃ្លាំមើលនេះក៏បានប្រកាសដែរថាការនាំចូល និងការដឹកជញ្ជូនផលិតផលតាមរយៈទឹកដីរុស្ស៊ីទៅកាន់ប្រទេសទីបីនឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី២០ខែមករា។
ការដាក់ទណ្ឌកម្មនេះកើតឡើងបន្ទាប់ពីប្រទេសអាល្លឺម៉ង់បានរាយការណ៍ពីការផ្ទុះជំងឺ FMD ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៤០ឆ្នាំកាលពីសប្តាហ៍មុននៅក្នុងហ្វូងក្របីទឹកក្នុងតំបន់ Brandenburg ជិតទីក្រុង Berlin។
ចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីនៅប្រទេសអាល្លឺម៉ង់ បានអនុវត្តតំបន់មិនរាប់បញ្ចូល៣គីឡូម៉ែត្រ និងតំបន់ត្រួតពិនិត្យ ១០គីឡូម៉ែត្រជុំវិញផងដែរ។
គួរឲ្យដឹងដែរថា FMD គឺជាមេរោគឆ្លងរបស់សត្វដូចជា គោ ក្របី ពពែ និងជ្រូកហើយ រោគសញ្ញារបស់វារួមមានគ្រុនក្តៅ ដំបៅ ពងបែក និងការស្ទាក់ស្ទើរក្នុងការផ្លាស់ទី ឬបរិភោគដោយក្នុងនោះ សត្វត្រូវបានគេសម្លាប់ជាញឹកញាប់ ដើម្បីទប់ស្កាត់ការរីករាលដាល៕
ប្រែសម្រួល៖ ស៊ុនលី