បរទេស៖ មន្ត្រីកែប្រែបាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីដែលត្រូវឃុំខ្លួន គឺលោក Yoon Suk Yeol ត្រូវបានផ្លាស់ទៅបន្ទប់ឃុំឃាំងដាច់តែឯង នៃមជ្ឈមណ្ឌលឃុំឃាំងសេអ៊ូល បន្ទាប់ពីលោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោម ការចាប់ខ្លួនជាផ្លូវការកាលពីចុងសប្តាហ៍នេះ ។
យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Yoon ត្រូវបានគេផ្ទេរទៅបន្ទប់ទំហំ ១២ ម៉ែត្រការ៉េនៅមជ្ឈមណ្ឌលឃុំឃាំង Uiwang ភាគខាងត្បូងនៃទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ បន្ទាប់ពីតុលាការក្រុងសេអ៊ូលភាគខាងលិច បានចេញដីកាចាប់ខ្លួនជាផ្លូវការ។ នេះបើតាមលោក Shin Yong-hae អគ្គស្នងការនៃសេវាកែតម្រូវកូរ៉េ។
លោក Shin បានប្រាប់ក្រុមសមាជិកសភា ក្នុងសម័យប្រជុំនៃគណៈកម្មាធិការនីតិកម្ម និងតុលាការនៃរដ្ឋសភាថា “(Yoon) ត្រូវបានផ្លាស់ប្តូរពីបន្ទប់ឃុំឃាំង សម្រាប់ជនសង្ស័យទៅកាន់ ផ្នែកឃុំឃាំងទូទៅ ហើយ (ខ្ញុំ) បានទទួលរបាយការណ៍ថា គាត់បានចំណាយពេលពេញមួយយប់” ។
យោងតាមលោក Shin បានឱ្យដឹងថា បន្ទប់ឃុំឃាំងលោក Yoon ដែលជាធម្មតាផ្ទុកមនុស្សពី ៥ ទៅ ៦ នាក់ មានទំហំប្រហាក់ប្រហែលនឹងកន្លែង ដែលត្រូវបានឃុំឃាំងប្រធានាធិបតីមុនៗ។
មន្ត្រីរូបនេះបានប្រាប់សមាជិកសភាថា លោក Yoon បានសហការជាមួយនីតិវិធីផ្លូវការ សម្រាប់ការឃុំខ្លួនរបស់លោក ដូចជាការថតរូប និងពិនិត្យរាងកាយ ដោយកត់សម្គាល់ថា មន្ត្រីកែប្រែផ្ទាល់ខ្លួនត្រូវបានចាត់តាំង សម្រាប់សុវត្ថិភាពរបស់លោក ៕
ប្រែសម្រួលៈ ណៃ តុលា