បរទេស៖ មនុស្ស ៩០ នាក់ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងបញ្ហាហិង្សា ដែលបានកើតឡើងនៅតុលាការ ក្រុងសេអ៊ូលភាគខាងលិច និងតុលាការធម្មនុញ្ញកាលពីចុងសប្តាហ៍ ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងការចាប់ខ្លួន ជាផ្លូវការរបស់ប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់។ នេះបើតាមទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល (SMPA) បាននិយាយនៅថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល (SMPA) បាននិយាយថា ប៉ូលីសនឹងស្វែងរកដីកាចាប់ខ្លួន ជាលើកដំបូងសម្រាប់ពួកគេចំនួន ៦៦នាក់ ហើយប្រាំនាក់បានឆ្លងកាត់សវនាការ ដែលពាក់ព័ន្ធរួចហើយនៅថ្ងៃនោះ។
ក្នុងចំណោមអ្នកជាប់ឃុំទាំង ៦៦ នាក់ មាន ៤៦ នាក់ត្រូវបានចោទប្រកាន់ពីបទវាយប្រហារ ដោយហិង្សានៅតុលាការក្រុង Seoul Western District នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួន លោក Yoon, ១០ នាក់ គឺបានរារាំងរថយន្តដឹកព្រះរាជអាជ្ញា និងអ្នកស៊ើបអង្កេតទទួលបន្ទុករឿងលោក Yoon និង ១០ នាក់ទៀតពីបទឡើងលើរបងតុលាការ ឬការវាយប្រហារមន្ត្រីប៉ូលិស។
ទីភ្នាក់ងារនេះបាននិយាយថា YouTubers បីនាក់ត្រូវបានរួមបញ្ចូលក្នុងចំណោម អ្នកឈ្លានពានតុលាការចំនួន 46 ។
SMPA បានកត់សម្គាល់ថា មនុស្ស ៩០ នាក់ត្រូវបានចាប់ខ្លួនពីបទហិង្សា មានចាប់ពីវ័យជំទង់រហូតដល់អាយុ ៧០ ឆ្នាំ ហើយមនុស្សដែលមានអាយុ ២០ ឆ្នាំ និង ៣០ ឆ្នាំមានចំនួន ៥១ ភាគរយ ឬ ៤៦ នាក់ ដោយ SMPA បានកត់សម្គាល់ដោយប្តេជ្ញាថា នឹងស្វែងរកការផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់អំពើខុសច្បាប់ និងជនល្មើសរបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា